រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣

ខេត្តកណ្តាល៖វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយ ដ៏សំខាន់ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះមួយណាបានឡើយ ពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះវាអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារយើងឲ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ នេះគឺជាប្រសាសន៍របស់លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោកជំទាវអភិបាលរងខេត្តបានបន្តថា៖កីឡាធ្វើឲ្យក្មួយៗសប្បាយ កីឡាធ្វើឲ្យក្មួយៗមានមិត្តច្រើន និងធ្វើឲ្យក្មួយៗមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឲ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូតដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត ។ លោកជំទាវ បានកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកម្មការ រៀបចំការប្រកួត និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានប្រឹងប្រែងរៀបចំ គ្រប់បែបយ៉ាង ធ្វើឲ្យការប្រកួតនេះទទួលបាននូវភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ ។ នេះជាសក្ខីកម្មបង្ហាញពីការ ដឹកនាំ គ្រប់គ្រង របស់មន្ទីរអប់រំ យុវជន និងកីឡា ពិសេសផ្នែកជំនាញកីឡា ដែលនាំគ្នាយកចិត្ត ទុកដាក់លើក្រុមថ្នាលរបស់កីឡា ហើយបានធ្វើឲ្យវិស័យកីឡាខេត្តកណ្តាល មានការអភិវឌ្ឍ រីកចម្រើនគួរជាទីមោទនៈ ។ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានថ្លែងថា៖ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ហើយការប្រកួតនេះ បានដំណើរការអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយចែកចេញជា៤ផ្នែករួមមាន៖ផ្នែកកីឡាអត្តពលកម្ម ,ផ្នែកកីឡាបាល់បោះ,ផ្នែកកីឡាបាល់ទះ,ផ្នែកកីឡាបាល់ទាត់។សូមជម្រាបថា៖+ផ្នែកកីឡាអត្តពលកម្ម ចំណាត់ថ្នាក់លេខ១កុមារី វិញ្ញាសាររត់ល្បឿន បានទៅលើ ការិយាល័យអប់រំស្រុកកោះធំ កុមារាចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកកោះធំ+វិញ្ញាសារលោតកំពស់ ចំណាត់ថ្នាក់លេខ១ កុមារី បានទៅលើការិយាល័យអប់រំស្រុកពញាឮ ចំណាត់ថ្នាក់លេខ១ កុមារា បានទៅលើការិយាល័យអប់រំស្រុក ខ្សាច់កណ្តាល។+វិញ្ញាសារលោតចម្ងាយ ចំណាត់ថ្នាក់លេខ១ កុមារី បានទៅលើការិយាល័យអប់រំស្រុកខ្សាច់កណ្តាល កុមារាចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកខ្សាច់កណ្តាល។+វិញ្ញាសាររត់បណ្តាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកខ្សាច់កណ្តាល។+វិញ្ញាសារអត្តពលកម្មកុមារី ចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកពញាឮ +ផ្នែកបាល់បោះ ចំណាត់ថ្នាក់លេខ១បានទៅលើការិយាល័យអប់រំក្រុងតាខ្មៅ កុមារាចំណាត់ថ្នាក់លេខ១បានទៅលើការិយាល័យអប់រំក្រុងតាខ្មៅ+ផ្នែកបាល់ទះ ចំណាត់ថ្នាក់លេខ១ កុមារីបានទៅលើការិយាល័យអប់រំស្រុកអង្គស្នួលកុមារា ចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកកណ្តាលស្ទឹង+ផ្នែកកីឡាបាល់ទាត់ ចំណាត់ថ្នាក់លេខ១ កុមារី បានទៅលើការិយាល័យអប់រំក្រុងតាខ្មៅ កុមារាចំណាត់ថ្នាក់លេខ១ បានទៅលើការិយាល័យអប់រំស្រុកខ្សាច់កណ្តាល។

អត្ថបទទាក់ទង