រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តសល បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល និងបំពាក់មេដាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សមិទ្ធផលទាំង នេះ បានបង្ហាញច្បាស់អំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងរដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានា សំដៅជំរុញអភិវឌ្ឍ ប្រទេសជាតិយើងឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ បានបន្តថា៖អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងសហការឲ្យបានជិតស្និទ្ធជាមួយ អាជ្ញាធររៀបចំការបោះឆ្នោតដើម្បីលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិ លើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ ។ ឯកឧត្តមបន្ថែមថា៖ត្រូវយកចិត្តទុកដាក់ខិតខំផ្សព្វផ្សាយអប់រំ និងណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ក្នុង ខេត្តកណ្តាល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាដើម្បីចូលរួមសហការក្នុងការការពារ បរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេសជាតិយើងឲ្យបានស្ថិតស្ថេរគង់វង្ស និងលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។ ទន្ទឹមនេះ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋដោយត្រូវចាត់តាំងមន្ត្រីដើម្បីសហការរៀបចំវេទិកា សាធារណៈជាមួយប្រជាជន ដើម្បីហ្វឹកហ្វឺនមន្ត្រីឲ្យចុះជាប់ជាមួយប្រជាពលរដ្ឋឲ្យចេះទទួល ដោះស្រាយសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់ទុកការងារនេះជា ការងារអាទិភាពប្រចាំថ្ងៃ នៃរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្តាល ត្រូវសហការនិងជំរុញប្រជាពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណ ទុតិយាតា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេល១ថ្ងៃកន្លះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញ នូវរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ផ្សព្វផ្សាយលទ្ធផល អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា៖អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទាំងបួន "មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាព រដ្ឋបាលខេត្ត បានក៏យកចិត្តទុកដាក់ក្នុងការជម្រុញ គាំទ្រដល់ការ អភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ការបណ្តុះបណ្តាលត្រូវបានអនុវត្តជាប្រចាំក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការគ្រប់ថ្នាក់, រដ្ឋបាលខេត្ត ក៏បានគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនានា ដើម្បីឱ្យប្រជាពលរដ្ឋឆាប់ទទួលបានចំណេះធ្វើ សមស្របនឹង តម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់គាំទ្រយ៉ាងខ្លាំង ដល់វិស័យអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់វិទ្យាល័យ ដែលបានធ្វើ ឱ្យអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជារៀងរាល់ឆ្នាំ។

អត្ថបទទាក់ទង