រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុសធម៌ផ្តល់ជួនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះអគ្គីភ័យឆេះផ្ទះទាំងស្រុង និងបណ្តាលឱ្យ ក្មេងប្រុសម្នាក់ស្លាប់ក្នុងហេតុការណ៍នេះ ស្ថិតនៅភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ក្នុងឱកាសដល់មហាក្រៀមក្រំនោះដែរ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងក្តីអាណិតអាសូរជាទីបំផុត ចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។សូមបញ្ជាក់ផងដែរថា ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០ នាទី មានគ្រោះអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ស្ថិតនៅភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយសារមកពី សាកថ្មទូរស័ព្ទទុកចោល បណ្តោលអោយផ្ទុះឆេះផ្ទះ ស្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ សុីណា វឌ្ឍនា អាយុ៣ឆ្នាំ ក្នុងហេតុការណ៍នោះផងដែរ ។អំណោយមនុស្សធម៌ ដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះឆេះផ្ទះ រួមមាន ៖ អង្ករចំនួន៥០ គីឡូ មី២កេស ត្រីខកំប៉ុង២យួរ ទឹកសុទ្ធ២កេស ទឹកត្រី២យួរ សម្ភារៈប្រើប្រាស់ផ្ទះបាយ១ឈុត តង់១បន្ទះ ម៉ាស់២កញ្ចប់ អាវរងា២កញ្ចប់ និងថវិកា២លានរៀន ។

អត្ថបទទាក់ទង