រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ចុះពិនិត្យចំណុះមាត្រាសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈPTT ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ធនៈទាំងអស់នៅទូទាំងខេត្តកណ្ដាល សូមកុំកេងបន្លំ ចាក់ប្រេងឥន្ធនៈមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយក្នុងករណីដែលមន្ត្រីជំនាញចុះពិនិត្យឃើញថា មានការកេងបន្លំ ឬចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះជូនប្រជាពលរដ្ឋ នោះម្ចាស់ស្ថានីយ៍ទាំងនោះនឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់ដែលបានកំណត់។ នេះជាការអំពាវនាវរបស់លោក មៀង វណ្ណដែត អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យចំណុះមាត្រាសាស្ត្រនៅស្ថានីយប្រេងឥន្ធនៈPTT ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកអនុប្រធានមន្ទីរ បន្តថា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានធ្វើការចុះពិនិត្យជាប្រចាំនៅគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងករណីរកឃើញម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ធ្វើការកិបកេងក្នុងការចាក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ជូនប្រជាពលរដ្ឋ អាចប្រឈមនឹងការពិន័យពី ២លានរៀលទៅ ៤លានរៀលក្នុងមួយដៃប្រេង។ លោកអនុប្រធានមន្ទីរដដែលក៏បានបញ្ជាក់ទៀតផងដែរថា ចំពោះស្ថានីយ៍ប្រេងឥន្ធនៈណា ដែលបានពិនិត្យរួចមក ក្រុមការងារបានកិបសៀល ដើម្បីបញ្ជៀសនូវការកែប្រែនូវចំនួនតួលេខដែលធ្វើឱ្យខ្វះចំណុះ នៅក្នុងឧបករណ៍ចាក់ប្រេងទាំងនោះ បន្ទាប់មកទៀតក្រុមការងារបានបិទ Sticker ជាប់នៅលើម៉ាស៊ីនចាក់ប្រេងរបស់ស្ថានីយនីមួយៗដែលបានបញ្ជាក់ថាបានទទួលការពិនិត្យ និងទទួលស្គាល់ថាស្ថានីយ៍ប្រេងឥន្ធនៈនោះមានការចាក់គ្រប់ចំណុះត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់។ ទន្ទឹមនឹងនោះដែរ លោកអនុប្រធានមន្ទីរ បានស្នើដល់ប្រជាពលរដ្ឋនៅពេលចូលចាក់ប្រេងឥន្ធនៈ នៅតាមស្ថានីយនីប្រេងឥន្ធនៈមួយៗ សូមពិនិត្យមើល sticker ដែលមានបិទនៅជាប់ម៉ាស៊ីនបាញ់ប្រេងទាំងនោះ ដើម្បីយើងទទួលស្គាល់បានថាស្ថានីននោះចាក់ប្រេងគ្រប់ចំណុះជូនយើងដោយមិនមានការគិតកេងឡើយ។ ក្នុងនោះផងដែរលោកក៏បានសុំឱ្យប្រជាពលរដ្ឋរាយការណ៍ និងផ្ដល់ព័ត៌មានដល់មុនទីជំនាញ ដែលមានការសង្ស័យថាមានស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលបានកិបកេងនិងចាក់ប្រេងឥន្ធនៈជូនពួកគាត់ដោយមិនគ្រប់ចំណុះ ដើម្បីឱ្យក្រុមការងាររបស់មន្ទីរ ចុះធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវឡើងវិញ។

អត្ថបទទាក់ទង