រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល ផ្សព្វផ្សាយច្បាប់ការងារ និងល័ក្ខខណ្ឌជ្រើសរើសបុគ្គលិកជាជនបរទេសដល់បណ្ដាក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារ

++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ការងារ និងល័ក្ខខណ្ឌជ្រើសរើសបុគ្គលិកជាជនបរទេសឱ្យត្រឹមត្រូវតាមច្បាប់ ដល់បណ្ដាក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារ នៅឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានក៏ចូលរួមពីអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមហ៊ុនកាស៊ីណូផងដែរ។លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយនូវមាត្រាសំខាន់ៗនៃច្បាប់ស្ដីពីការងារ ពាក់ព័ន្ធ និងការប្រើប្រាស់ហត្ថពលកម្មជនបរទេសរួមមាន៖+ មាត្រាទី២៦១ ចែងថា = គ្មានជនបរទេសណាម្នាក់អាចប្រកបមុខរបរណាមួយដោយគ្មានបណ្ណការងារ និងសៀវភៅការងារ ដែលចេញឱ្យដោយក្រសួងទទួលបន្ទុកវិស័យការងារ ជនបរទេសនោះត្រូវបំពេញលក្ខខណ្ឌផ្សេងៗដូចតទៅ៖ - និយោជកត្រូវមានជាមុននូវប័ណ្ណការងារត្រឹមត្រូវ ដើម្បីប្រកបមុខរបររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា -ជនបរទេសនោះត្រូវបានចូលមក ព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់ -ជនបរទេសនោះត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ -ជនបរទេសនោះត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ -ជនបរទេសនោះត្រូវមានកាយសម្បទាស្របនឹងមុខរបរនោះ ហើយគ្មានកើតនូវជំងឺឆ្លងណាមួយល័ក្ខខណ្ឌនេះត្រូវបានកំណត់ដោយក្រសួងសុខាភិបាល ដោយមានការឯកភាពពីក្រសួងទទួលបន្ទុកវិស័យការងារ។លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា៖ ក្រសួងទទួលបន្ទុកវិស័យការងារ អាចដកហូតប័ណ្ណការងារក្នុងករណីដូចតទៅ៖ ជនបរទេសណាដែលមិនបំពេញតាមល័ក្ខខណ្ឌណាមួយ ដែលបានកំណត់ក្នុងមាត្រាទី ២៦១ ខាងលើ ហើយបើមុខរបរដែលត្រូវពន្យាររបស់អ្នកកាន់ប័ណ្ណការងារ នៅព្រះរាជាណាចក្រកម្ពុជា មានការប្រជែងជាមួយកម្មករនិយោជិកជនជាតិខ្មែរ ដែលកំពុងរកការងារធ្វើនៅក្នុងស្រុក និងជនបរទេសណាដែលកាន់ប័ណ្ណគ្មានការងារធ្វើរយៈពេលលើសពីមួយខែ ឬជននោះចូលទៅធ្វើការជាមួយនិយោជកដទៃទៀត ការដកហូតនេះ នឹងអនុវត្តទៅនៅពេលផុតកំណត់នៃប័ណ្ណការងារ ដែលអាចចេញឲ្យ ឬបានពន្យារដល់ជនបរទេសនោះ ។ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ច្បាប់នេះគ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងារ រវាងនិយោជក និងកម្មករនិយោជិក ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះធ្វើឡើងនៅទីណាក៏ដោយ ទោះបីភាគីទាំងនោះមានសញ្ជាតិជាអ្វី ហើយស្នាក់នៅទីណាក៏ដោយ។ឯកឧត្ដមអភិបាលរងខេត្តបានបញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត គិតគូអំពីអ្នកវិនិយោគប្រកបអាជីវកម្មក្នុងខេត្តកណ្តាល បានស្នើរអោយ ក្រុមហ៊ុនកាស៊ីណូទាំង អស់ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តច្បាប់ហត្ថពលកម្មបរទេស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ អោយបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យកើតមានករណីបណ្តឹងជនបរទេសទៀត។

អត្ថបទទាក់ទង