រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតផ្ទះ ចំនួន ៣១ គ្រួសារ ស្ថិតនៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទទួលបានអំណោយ និងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

+++++++++ខេត្តកណ្តាល ៖ រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចុះសួរ សុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយបាក់ស្រុតផ្ទះ តាមបណ្ដោយស្ទឹងព្រែកត្នោត ចំនួន ៣១ គ្រួសារ ស្ថិតនៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដោយការបាក់ស្រុតផ្ទះតាមមាត់បណ្ដោយស្ទឹងព្រែកត្នោត ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេស ឯកឧត្ដមអភិបាលខេត្តកណ្ដាល ក៏បាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ដែលប្រឈមនឹងការបាក់ស្រុតនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ សូមបញ្ឈប់ការសាងសង់នៅសំណង់ផ្សេងៗតាមបណ្ដោយមាត់ស្ទឹងនេះ ដែលអាចបណ្ដាលឱ្យយើងខូចខាតនៅទ្រព្យសម្បត្តិ នៅពេលបាក់ស្រុតច្រាំងកើតឡើង ឬអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ។ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលចែកជូនប្រជាពលរដទាំង ៣១ គ្រួសារ ដែលរស់នៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្នុងនោះ ប្រជាពលរដ្ឋ ៩គ្រួសាររងការខូចខាតធ្ងន់ធ្ងរ ទទួលបានថវិកា ចំនួន ៥០០.០០០៛ ក្នុង១គ្រួសារ តង់ចំនួន ១ និងប្រជាពលរដ្ឋ ២២ គ្រួសារ រងការខូចខាតមធ្យម ទទួលបានថវិកាក្នុង១គ្រួសារ ចំនួន ៣០០.០០០៛ ហើយក្រុមគ្រួសារនិមួយៗទទួលបាននូវសម្ភារ:មានដូចជា អង្ករ ២៥គីឡូ, មី១កេស,ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ម៉ាស ១ដុំ ,អាវរងា ១ កញ្ចប់ និងសាប៊ូ ១ដុំ ផងដែរ។

អត្ថបទទាក់ទង