រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទិវាស្រែបង្ហាញ ឆ្នាំ២០២៣ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

++++++++++++++++ខេត្តកណ្ដាល៖ មន្ទីរកសិកម្មខេត្តកណ្ដាល ជំរុញឱ្យប្រជាកសិករទាំងអស់ ងាកមកប្រើប្រាស់ជីធម្មជាតិ/សរីរាង្គ រួមនឹងគ្រឿងយន្តកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញសម្រាប់លើកស្ទួយជីវភាពរបស់កសិករ និងសង្គមជាតិ។ លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាស លោកបានចូលរួមក្នុងទិវាស្រែបង្ហាញ ឆ្នាំ២០២៣ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន PIKADA JAPAN DIRECT CO.LTD និងសហគ្រាស ជីធម្មជាតិ តូនី អេសអឹម ដោយមានការចួលរួម ពីអាជ្ញាធរស្រុកកៀនស្វាយ ប្រជាកសិករ សហគមន៍កសិកម្មស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ស្រុកកណ្ដាលស្ទឹង ព្រមទាំងប្រជាកសិករមកពីខេត្តព្រៃវែង និងខេត្តកំពង់ធំ។ លោកអនុប្រធានមន្ទីរ បន្តថា អស់រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ វិស័យកសិកម្ម នៅកម្ពុជាយើង មានប្រជាសិករប្រកបមុខរបរកសិកម្ម រហូតដល់បច្ចុប្បននេះ ហើយប្រជាកសិករចូលចិត្តប្រើប្រាស់ជីគីមី ថ្នាំគីមីសម្រាប់ដំណាំរបស់ខ្លួន ដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់សង្គមគ្រួសារ និងសង្គមជាតិ ធ្វើឱ្យខូចគុណភាពដី បាត់បង់សារធាតុចិញ្ចឹមក្នុងដី (ដីគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់) ចំណាយដើមសម្រាប់ដំណើរការផលិតកម្មខ្ពស់ ទិន្នផលទទួលបានត្រឡប់វិញមានបរិមាណតិច មិនស្របជាមួយការចំណាយ ផលិតផលមិនមានគុណភាព និងសុវត្ថិភាពសម្រាប់បរិភោគ។ ដូចនេះសូមបងប្អូនប្រជាកសិករទាំងអស់ ងាកមកប្រើប្រាស់ជីធម្មជាតិ/សរីរាង្គ រួមនឹងគ្រឿងយន្តកសិកម្ម ដើម្បីកាត់បន្ថយថ្លៃ ដើមផលិត (ជី ពូជ ថ្នាំ ពលកម្ម) និងការកែលម្អគុណភាពដីស្រែឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជា ហេតុធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញសម្រាប់លើកស្ទួយជីវភាពរបស់កសិករ និងសង្គមជាតិ។លោកអនុប្រធានមន្ទីរ បន្ថែមថា ទិវាស្រែបង្ហាញ ឆ្នាំ២០២៣ មានគោលបំណង ចងក្រងសហគមន៍ បង្កើនការផលិតពូជដែលមានគុណភាព ថាមពលដំណុះល្អ សម្រាប់កសិករក្នុងសហគមន៍ កាត់បន្ថយពូជនាំចូល ដែលមិនមានប្រភពច្បាស់លាស់ និងមិនមានគុណភាព។ ជួយរកទីផ្សារសម្រាប់ស្រូវចំណីសរីរាង្គ និងស្រូវពូជក្នុងស្រុក ជូនកសិករក្នុងមូលដ្ឋាន។ ជំរុញការអនុវត្តកិច្ចសន្យារបស់ក្រុមផលិត/សហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនប្រមូលទិញសម្រាប់ការនាំចេញ និង ដោះស្រាយបញ្ហាមួយចំនួនដែលកើតឡើងតាមរយៈការផលិតមិនទទួលបានជោគជ័យកន្លងមក។

អត្ថបទទាក់ទង