រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរពាណិជ្ជកម្មខេត្តកណ្តាលបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្មវិធីកែទម្រង់របស់ក្រសួង និងគោលនយោបាយពាណិជ្ជកម្មលើវិស័យអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម”

+++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តកណ្តាលបានបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "កម្មវិធីកែទម្រង់របស់ក្រសួង និងគោលនយោបាយពាណិជ្ជកម្មលើវិស័យអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី "កម្មវិធីកែទម្រង់របស់ក្រសួង និងគោលនយោបាយពាណិជ្ជកម្មលើវិស័យអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម" នាពេលនេះ គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយពាណិជ្ជកម្ម និងយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងការចាប់យកវិនិយោគដោយផ្ទាល់ពីបរទេស នឹងការលម្អបរិយាកាសពាណិជ្ជកម្មដែលកម្ពុជាកំពុងតែអនុវត្ត ជូនធុរជន វិនិយោគិន និងវិស័យឯកជន ឱ្យមានភាពល្អប្រសើរស្របតាមបរិបទពាណិជ្ជកម្មក្នុងប្រទេស និងសកលលោក ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។ សិក្ខាសាលានេះ ចាត់ទុកជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងដុះខាត់បញ្ញាស្មារតី ព្រមទាំងបង្ហាញអំពីសុឆន្ទៈ គោលនយោបាយនានា និងការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជនទាំងការគាំពារការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ឯកឧត្តមបានបន្ថែមទៀតថា អង្គភាពមន្ទីរ និងអាជីវករដែលបានចូលរួមសិក្ខាសាលានាឱកាសនេះ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីកែទម្រង់របស់ក្រសួង និងគោលនយោបាយពាណិជ្ជកម្ម ដើម្បីជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិក្នុងការឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្ដែងនៃពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងមូល។ថ្លែងក្នុងឱកាសនោះ លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយគាំទ្រសហគ្រាសធុនតូច និងមធ្យម ដែលបានដាក់ចេញជាវិធានការជាក់លាក់ តាមរយៈការលើកទឹកចិត្ត និងបង្កើតប្រសិទ្ធភាពដល់យន្តការសម្រួលចំពោះធុរកិច្ចដែលមានស្រាប់ និងធុរកិច្ចថ្មី ក្នុងការជំរុញកំណើតទីផ្សារ និងអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែប្រសើរ។ សហគ្រាសធុនតូច និងមធ្យម ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។លោក អប់ រ៉ាឌី បានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម បានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាមុនតាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងធ្វើការកែទម្រង់ស៊ីជម្រៅនិងការកែលម្អសេវាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ ការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជន រួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងរៀបចំគោលនយោបាយពាណិជ្ជកម្មក្រៅប្រទេស។

អត្ថបទទាក់ទង