រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧៦៦ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ០១ភូមិ គឺភូមិដីឥដ្ឋកោះផុស២ ស្រុកកៀនស្វាយ ខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ១ភូមិ គឺភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ នារសៀលថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២៣ នេះ នៅក្នុងបរិវេណ វត្តស្តៅកន្លែង។ មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមបន្តថា៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយក ចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកប័ណ្ណជូនប្រជាជនរដ្ឋនាពេលនេះ ហើយសកម្មភាពរបស់ អស់លោក លោកស្រី ក៏ជាការរួម ចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋ ភិបាលលើវិស័យដីធ្លី។

ឯកឧត្តម ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។ ថ្លែងក្នុងឱកាសនោះ លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានថ្លែងថា៖ដីគឺជាអាយុជីវិត មានតែដី គ្មានបណ្ណ សម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឲ្យបានល្អ ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះបងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរមានលក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរឡើង។ សូមជម្រាបជូនថា៖មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៤ លើកស្មើ នឹង២៦០,៧៤៥ប័ណ្ណ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីក្នុងភូមិដីឥដ្ឋកោះផុស២ ស្រុកកៀនស្វាយ សរុបចំនួន ៧៦៦បណ្ណ៕

អត្ថបទទាក់ទង