រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់តាមសាលិខិត របស់សម្តេច តេជោ ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣ ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស បានធ្វើឱ្យ យើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដូច្នេះ នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យហ៊ុនសែនស្អាង ស្ថិតនៅក្នុងស្រុកស្អាង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ឯកឧត្តមបានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលបាន ចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩។ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង ក៏ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមក។ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ ប្អូនៗក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព សូមកុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យកជំនាញ ប្រកបដោយជោគជ័យ ដើម្បីគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ទន្ទឹមនឹងការខិតខំរៀនសូត្រ ក៏ត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អផងដែរ។លោក ហេង ផេង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តកណ្ដាល សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ខេត្តមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧៥៤៩នាក់ ស្រី៤៤៥៤នាក់ ស្មើនឹង ៧៥,៩៥% ដោយមានសិស្សប្រឡងជាប់និទ្ទេសA សរុប ១០៤នាក់ ស្រី ៤៦នាក់ ដោយឡែកសម្រាប់ស្រុកស្អាង មានសិស្សប្រឡងជាប់និទ្ទេសA ចំនួន ១០នាក់ស្រី ៤នាក់។

អត្ថបទទាក់ទង