រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០២២-២០២៣ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូប។ គួរបញ្ជាក់ថាថ្ងៃច័ន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ជាកាលកំណត់នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២–២០២៣ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអានសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរ និងបើកបវេសនកាលថ្មី ២០២២–២០២៣។ ក្នុងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២២–២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា សប្បុរសជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការធានាបាននូវដំណើរការរៀន បង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ នាពេលកន្លងមក។ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិក្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់គ្នា។ ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ភូមិ/សង្កាត់/ក្រុង ត្រូវធ្វើការសហការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ពន្ធក្នុងគោលបំណងលើកកម្ពស់ការគាំទ្រវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន មាតាបិតា អាណាព្យាបាលគ្រប់រូបត្រូវជុំរុញលើកទឹកចិត្តកូនចៅអោយមកសាលារៀន និងបន្តការសិក្សារហូត ដល់ចប់ឆ្នាំសិក្សា ពិសេសក្មួយៗសិស្សានុសិស្សជាទីស្រលាញ់ ត្រូវត្រៀមខ្លួនអោយបានល្អ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ជំនាញ និងទទួលបានលទ្ធផលចុងឆ្នាំ។ សូមបញ្ជាក់ផងដែរថា៖ សម្រាប់វិទ្យាល័យ ហ៊ុន សែន តាខ្មៅបានកសាងប្រវត្តិសាស្ត្រថ្មីដែលទទួលបានលទ្ធផល:-សិស្សទទួលបាននិទ្ទេស A មានចំនួន ១នាក់ ស្រី -សិស្សទទួលបាននិទ្ទេស B មានចំនួន ១៣នាក់ ស្រី ០៨នាក់-សិស្សទទួលបាននិទ្ទេស C មានចំនួន ៤៣នាក់ ស្រី ២៣នាក់- សិស្សទទួលបាននិទ្ទេស D មានចំនួន ៦៣នាក់ ស្រី ៣២នាក់- សិស្សទទួលបាននិទ្ទេស E មានចំនួន ៦៥នាក់ ស្រី ៣៣នាក់៕

អត្ថបទទាក់ទង