រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)

ខេត្តកណ្តាល៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន ១,០៩០ ប័ណ្ណ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ចែកជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងក្រោម និងភូមិបឹងកណ្ដាល និងឃុំខ្ពបអាទាវ ស្រុកលើកដែក នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអោយដឹងថា៖ ការទទួលបានប័ណ្ណនាឱកាសនេះគឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។ សកម្មភាពរបស់អស់លោក លោកស្រី ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។ ឯកឧត្តមអភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។ ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ទៅបង្កើតជាសិទ្ធប្រាតិភោគ (ការដាក់បញ្ចាំ...) ដើម្បីយកប្រាក់មកប្រើប្រាស់ លើកិច្ចការផ្សេងៗ ដែលជាតម្រូវការរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិនេះបង្កជាលក្ខណៈងាយស្រួលក្នុង ការធ្វើជាមរតក ឬ អំណោយចែកជូនកូនចៅ និងបង្កលក្ខណៈកាន់តែងាយស្រួលក្នុងការលក់ ដូរ ឬផ្ទេរកម្ម សិទ្ធិផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើដល់ក្រុមការងារកំពុងសាងសង់ផ្លូវតាមតំបន់ព្រំដែន ដែលបានតបភ្ជាប់ពីឃុំក្អមសំណរ ស្រុកលើកដែក ទៅឃុំព្រែកជ្រៃ ស្រុកកោះធំ សូមពន្លឿនការសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការដឹកផលដំណាំក៏ដូចជាទំនិញនានា។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិបឹងក្រោម និងភូមិបឹងកណ្ដាល ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ១,០៩០ក្បាលដី ក្នុងនោះភូមិបឹងកណ្ដាល ចំនួន ៤៧៩ក្បាលដី និងភូមិបឹងកណ្ដាល ចំនួន ៦១១ក្បាលដី។ លោកអនុប្រធានមន្ទីរបានបន្ថែមថា៖ គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨១ លើកស្មើ នឹង២៥៩,៦៧៩ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨២នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីភូមិបឹងក្រោម និងភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល សរុបចំនួន ១,០៩០ប័ណ្ណ។

អត្ថបទទាក់ទង