ខេត្តកណ្តាល៖ ការបោះជំរំយុវជនបីល្អ (កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រោមប្រធានបទ “ស្នាដៃយុវជនគាំទ្រគន្លឹះសហគមន៍សាលារៀន” គឺជាផ្នែកអប់រំដ៏មានសារៈបំផុត ដែលបានបង្កើតឱកាសប្រចាំឆ្នាំសម្រាប់យុវជនមកពីគ្រប់មជ្ឈដ្ឋានក្នុងទូទាំងខេត្ត មកជួបជុំគ្នាទទួលការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ធ្វើការពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងការបូកសរុបនូវវឌ្ឍនភាពការងាររបស់យុវជនតាមសាលារៀន ដែលបានអនុវត្តយ៉ាងជោគជ័យ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ដូច្នេះ ក្នុងពិធីបិទការបោះជំរំយុវជនបីល្អ (កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបានមានប្រសាសន៏បន្តថា ក្មួយៗសិស្សានុសិស្ស គឺពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលបានរស់នៅក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើប្រទេសជាតិគ្មានសន្តិភាពទេគឺយើងមិនអាចមានឱកាសសិក្សារៀនសូត្រ និងអាចបោះជំរំជួបជុំគ្នាដូចពេលនេះបានទេ។ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាព គឺមូលដ្ឋានគ្រឹះនៃការអភិឌ្ឍ លើគ្រប់វិស័យ ដូច្នេះយើងទាំងអស់គ្នាដែលជាសិស្សានុសិស្ស និងយុវជនដែលជាទំពាំងស្នងឬស្សី ជាសរសរទ្រូងនៃប្រទេសជាតិ ត្រូវរួមគ្នា បន្តរក្សាបាននូវសុខសន្តិភាពជាដរាប ជាមួយរាជរដ្ឋាភិបាលនិងត្រូវខិតខំរៀនសូត្រ ឱ្យក្លាយជាធនធាន ដែលមានសក្ដានុពលមិនចេះរីងស្ងួតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្តបាន ជំរុញដល់មន្ទីរអប់រំយុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យយុវជននៅតាមសាលារៀន តាមរយៈការរៀបចំពង្រឹងនឹងពង្រីករចនាសម្ព័ន្ធយុវជន និងកុមារជាប្រព័ន្ធក្រុមការងារដ៏មានសក្ដានុពល ក្នុងការសិក្សាអប់រំទាំងជំនាញទន់ និងជំនាញវិជ្ជាជីវៈ ភាពជាអ្នកដឹកនាំវ័យក្មេង សហគ្រិនភាព និងធុរកិច្ច ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍសាលារៀន និងសហគមន៍។ ត្រូវរៀបចំឱ្យមានការជួបជុំយុវជនប្រកួតប្រជែងស្នាដៃវិទ្យសាស្ត្រ ការដេញដោលមតិ ការបោះជំរំ និងទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍ក្នុងក្រុង ស្រុក ក្នុងខេត្ត និងក្រៅខេត្ត ដើម្បីឱ្យយុវជនយើងមានឱកាសទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗឱ្យបានទូលំទូលាយបន្ថែមទៀត ។ សូមជម្រាបថា ការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ដោយមានយុវជន តំណាងយុវជនមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ចូលរួមបោះជំរំ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល សរុបចំនួន ១៦២នាក់ ស្រី ៨៥នាក់។






