រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កណ្តាល លើកទី៤ អាណត្តិទី៣ នៅស្រុកល្វាឯម

ខេត្តកណ្តាល៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដែលបានប្រារព្ធឡើងនៅស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា រដ្ឋបាលខេត្តកណ្ដាលបានរៀបចំវេទិកានេះឡើងគឺដើម្បីជាការឆ្លុះ បញ្ចាំង លទ្ធផលអនុវត្ត សកម្មភាពការងាររបស់រដ្ឋបាលខេត្ត ដែលសម្រេចបាន និងកំពុងអនុវត្ត ជាពិសេសទៅទៀតនោះការរៀបចំវេទិកានេះគឺជាការចូលរួម អនុវត្តតាមខ្លឹមសារនៃច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់បន្ថែមថា វេទិកានេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ ដើម្បីលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា ដើម្បីផ្ដល់លទ្ធភាពឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។ក្នុងវេទិកានេះដែរ លោកជំទាវ នួន នារតី ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយឱ្យបានទាន់ពេលវេលា។បន្ថែមពីលើនេះ លោកជំទាវ នួន នារតី និងឯកឧត្តម នុត ពុធដារ៉ា បានជំរុញដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ត្រូវពង្រឹងលើការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។សូមបញ្ជាក់ថា ក្នុងវេទិការនេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៤៩ ពាក់ព័ន្ធនិងបញ្ហាអគ្គិសនី ផ្លូវ លូ ស្ពានបញ្ហាដីធ្លី ស្នើសុំសាងសង់បន្ទប់រៀន សាលាមត្តេយ្យ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងអជ្ញាធរស្រុក ឡើងធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

អត្ថបទទាក់ទង