ខេត្តកណ្តាល៖ លោកស្រី តឹក ស្រី បានឧបត្ថម្ភអង្ករចំនួន ២០តោន និងលោក អ៊ុក សុពិសិដ្ឋ ព្រមទាំងភរិយា បានឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារអាមេរិកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដេីម្បីយកទៅប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្ដរាយផ្សេងៗ។ថ្លែងនៅក្នុងពិធីទទួលអំណោយ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់លោកស្រី តឹក ស្រី និងលោក អ៊ុក សុពិសិដ្ឋ ព្រមទាំងភរិយា ដែលបាននាំយកអង្ករ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ ។នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈយកមកធ្វើការចែកជូនដល់ប្រជាពល រដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316543744_451023947205953_5518576332925140932_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316549513_450910553883959_7349065414850113404_n-1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316418544_451021010539580_7315558907434444193_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316410043_451021163872898_3250368894470951889_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316413882_451023967205951_9047370608710036536_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/11/316296640_451023913872623_5725936682439192839_n-1024x683.jpg)