រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៣-២០២៥ នៃរដ្ឋបាលខេត្តកណ្តាល

++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរផែនការខេត្តកណ្តាល បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីតម្រូវការគម្រោងវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២៣-២០២៥ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានថ្លែងថា៖ វេទិកាពិគ្រោះយោបល់នេះ មានគោលបំណងបង្ហាញពីតម្រូវការក្នុងរៀបចំវេទិកាពិគ្រោះ យោបល់ អំពីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលថា្នក់ខេត្ត បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍ មូលដ្ឋានទូទាំងខេត្ត សម្របសម្រួល បន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។វេទិកាពិគ្រោះយោបល់នេះក៏បានរំពឹងទុកថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានា បានដឹងបានយល់ពីទស្សនៈគោលបំណងសម្រាប់ស្វែងរកការគាំទ្រពីថ្នាក់ខេត្ត និងអង្គភាពពាក់ព័ន្ធ កៀរគរធនធានសម្រាប់គាំទ្រ គម្រោងវិនិយោគនានា ពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុង ស្រុក ជាមួយដៃគូអភិវឌ្ឍ និងស្ថាបនពាក់ព័ន្ធ។ ឯកឧត្តមអភិបាលខេត្តបានជម្រុញអោយអង្គសិក្ខាសាលាទាំងអស់ ត្រូវបន្តសកម្មភាពក្នុងការតាមដាននូវបទបង្ហាញ ដើម្បីពិភាក្សាឱ្យបានផុលផុស និងស៊ីជម្រៅ ធ្វើការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់យោបល់លើគម្រោងសកម្មភាពជាអាទិភាពដែលមិនទាន់មានការសន្យាគាំទ្ររបស់កម្មវិធីវិនិយោគខេត្ដ ក្រុង ស្រុក និងធ្វើការមើលពីសក្ដានុពលធនធានក្នុងមន្ទីរជំនាញ និងលទ្ធភាពធនធានផ្សេងៗ ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ហើយធ្វើការវិភាគពីសូចនាករ ព្យាករណ៍ពីសកម្មភាពដែលនឹងត្រូវវិនិយោគនាពេលអនាគត់ ។ឯកឧត្តមបានបន្តថា៖ សមាជិក សមាជិកា ត្រូវត្រៀមរៀបចំកៀរគរធនធាន សម្រាប់គាំទ្រ គម្រោងវិនិយោគ របស់ស្រុក សម្របសម្រួល និងធ្វើឱ្យមានសង្គតិភាព រវាងគម្រោង នៃកម្មវិធីវិនិយោគស្រុក ខេត្តជាមួយមន្ទីរវិស័យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរៀបចំតារាងត្រៀមសមាហរណកម្មផែនការថ្នាក់ស្រុក។ឯកឧត្តមបន្ថែមថា៖ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ត្រូវត្រៀមរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោងសកម្មភាពដែលស្នើឡើង នៅក្នុងអង្គវេទិកាពិគ្រោះយោបល់សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ រដ្ឋបាលក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក៕

អត្ថបទទាក់ទង