រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ នៅស្រុកលើកដែក

++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ នៅក្នុងបរិវេណសាលាស្រុកលើកដែក នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងវេទិកានេះ ឯកឧត្តម នូវប៉េង ច័ន្ទដារា អភិបាលរងខេត្តកណ្ដាល បានថ្លែងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។ ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរមួយចំនួនដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកាដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន៣០សំណូមពរ ដោយឡើងសំណូមពរផ្ទាល់មាត់ចំនួន៣ និងសំណូមពរសរសេរជាក្រដាសចំនួន២៧ ក្នុងនោះរួមមាន៖ការស្នើសុំជួសជុលផ្លូវ បញ្ហាដីធ្លី បញ្ហាទឹកស្អាត ដីឡូត៍អភិរក្ស សាងសង់ស្ពាន និងសុំភ្លើងសូឡាបំភ្លឺផ្លូវជាដើម ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា ក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិកា និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង