ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក នៅរសៀលថ្ងៃ២៤ ខែតុលា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៩-៣០ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្ដាល។ថ្លែងនៅក្នុងកិច្ចនេះ ឯកឧត្តម ប៊ុន ផេង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួនយ៉ាងសកម្មទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់អនុគណៈកម្មការបច្ចេកទេស ត្រូវពន្យល់ណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែផ្ទុយទៅវិញពិធីប្រណាំងទូកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់ខ្មែរយើងឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ សម្រាប់កូនចៅជំនាន់ក្រោយ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អនុគណៈកម្មការបច្ចេកទេសត្រូវ ខិតខំជំរុញដល់កីឡាករ-កីឡាការិនីចំណុះទូកទាំងអស់ ត្រូវតែយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អនុគណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឱ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ជួយធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះឡើងប្រកបទៅដោយភាពរលូន បង្ហាញពីទស្សនីយភាពល្អមើល សប្បាយរីករាយជូនប្រជាពលរដ្ឋ។លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមក្នុងពិធីប្រណាំង ចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិ បុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិ នារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ដែលទិន្នន័យនេះអាចមានការប្រែប្រួល។លោកបានបន្ថែមថា ទាក់ទងនឹងការប្រណាំងទូកនេះដែរ សម្រាប់ទូកអុំ និងទូកចែវ គឺមានរយៈចំងាយប្រកួតចំនួន ១៧០០ ម៉ែត្រ និងសម្រាប់ទូកខ្នាតអន្តរជាតិមានរយៈចំងាយប្រកួតចំនួន ១០០០ ម៉ែត្រ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312928709_429500216024993_3523029565837137782_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312981958_429500309358317_9216095699146167478_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/312455362_429500366024978_5167062712732824451_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311647530_429500079358340_7740638487821380186_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/311448595_429499889358359_1892387781747805088_n-2.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/310007594_429499982691683_4430102610630940637_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/10/306999071_429499809358367_1409953498773679033_n-1.jpg)