រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទីស្នាក់ការ ល.ខ.ប កណ្ដាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល លោកផាន់ ឫទ្ធិពល់ ប្រធាន ល.ខ.ប កណ្តាល បានដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោក គឹម ហុង ជំនួយការ គ.ជ.ប ប្រចាំ ល.ខ.ប កណ្តាល លោក តូចសត្ថា អនុប្រធាន ល.ខ.ប ឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងនៃស្នងការនគរបាលខេត្ត និងលោក លោកស្រី តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល លោក លោកស្រី គ្រូបង្ហាត់ ប្រចាំក្រុង ស្រុក និងមន្ត្រី លខប ទាំងអស់នៅទីស្នាក់ការ ល.ខ.ប កណ្តាល ។ថ្លែងក្នុងកិច្ចប្រជុំនេះ លោកផាន់ ឫទ្ធិពល់ ប្រធាន ល.ខ.ប កណ្តាល មានប្រសាសន៍ថា នៅក្នុងកិច្ចប្រតិបត្តិការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងសម័យបោះឆ្នោតតាមសំណើរបស់ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ដើម្បីសម្រេចបានវត្ថុបំណងដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប បានដាក់ចេញផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយក្នុងផែនការអន្តរស្ថាប័នបានឆ្លុះបញ្ចាំងនូវផែនការ ក៏ដូចជាយន្តការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលសំខាន់ៗឯទៀតក្នុងដំណើរការរៀបចំការបោះឆ្នោត។ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានបញ្ចប់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ គឺជាការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃ ទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ឆ្នោតពីមុនមក អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ឬអ្នក ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងទីសំណាក់ថ្មី សូមអញ្ជើញទៅចុះឈ្មោះ តាមប្រតិទិនរបស់ ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានបន្តទៀតថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្ដីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧ថ្ងៃ មុនថ្ងៃចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។

អត្ថបទទាក់ទង