រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្រុកស្អាងជាប់ជាស្រុក ODF (Open Defecation Free) បន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

+++++++ខេត្តកណ្តាល៖ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានបញ្ជាក់ថា ស្រុកស្អាងគឺជាស្រុកចុងក្រោយ ដែលត្រូវបានជាប់ជាស្រុក ODF ថ្នាក់ខេត្ត ក្នុងចំណោមក្រុង-ស្រុកចំនួន ៥ទៀត ដែលបានជាប់ជាក្រុង-ស្រុកថ្នាក់ខេត្តរួមមាន៖ ស្រុកកោះធំ ស្រុកមុខកំពូល ស្រុកពញាឮ ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ ខណៈដែលស្រុកចំនួន ៤ទៀត បានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ រួមមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល។លោកស្រីបានបញ្ជាក់ដូច្នេះ នៅក្នុងការចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកស្អាង កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក-លោស្រីអភិបាលរងស្រុកស្អាង អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ លោកស្រី ជី ថាវី បានមានប្រសាសន៍ថា ការចុះនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខខណ្ឌដែលជាសូរចណាករ របស់ក្រសួងក្នុងការចុះវាយតម្លៃ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក មន្ទីរពេទ្យ តាមភោជនីយដ្ឋាន ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ មានបរិស្ថានស្អាត ទាំងការចិញ្ចឹមសត្វពាហនៈ ជ្រូកមាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសតាមការគ្រោងទុក។លោកស្រីបានបន្ថែមថា ក្នុងការចុះនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ឱ្យផ្លាស់ប្ដូរឥរិយាបថឈប់បន្ទោសបងពាសវាលពាសកាល និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ដែលពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទផងដែរ។

អត្ថបទទាក់ទង