រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ​ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល ៖ ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ៣ខ្នងផ្ទះ ដោយឆេះទាំងស្រុងចំនួន១ខ្នង និងរងផលប៉ះពាល់ចំនួន២ខ្នង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣ខ្នងផ្ទះ ស្មើនឹង ៣គ្រួសារ ស្ថិត​នៅ​ភូមិពុកឫស្សី ឃុំ​ពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។ លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣គ្រួសារ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករចំនួន៥០ គីឡូ មី១កេស ត្រីខ៥យួរ ទឹកសុទ្ធដបធំ ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ម៉ាស់១ប្រអប់ ឃីត១កញ្ចប់ ជែលលាងដៃ១ដប កៅស៊ូតង់១បន្ទះ និងថវិកាចំនួន៥០ម៉ឺនរៀល។ហើយថវិការ៣០ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះឆេះមធ្យម និង២០មុឺនរៀល សម្រាប់គ្រួសាររងគ្រោះឆេះស្រាយ។

អត្ថបទទាក់ទង