+++++++++++++ខេត្តកណ្តាល៖លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិស សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នៅសាលាខេត្តកណ្តាល។ក្នុងពិធីវគ្គបណ្ដុះបណ្ដាលនេះ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាល បានមានប្រសាសន៍ថា៖ ដើម្បីសម្រេចបាន គោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ ២០២១-២០៣០) លោក គ្រុយ ម៉ាឡែន បានសំណូមពរសូមឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ត្រូវតែខិតខំកែប្រែឥរិយាបថរបស់ខ្លួន ក្នុងការបំពេញតួនាទី ឱ្យមានលក្ខណៈល្អប្រសើរ។ ត្រូវមានភាពជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់ ការចូលរួមការឆ្លើយតប និងគណនេយ្យភាព ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៅមូលដ្ឋាន។
បន្ថែមពីនេះទៀត សូមសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ យកទៅអនុវត្តតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ ពិសេសគឺផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវសមត្ថភាព និងជំនាញដែលខ្លួនបានសិក្សា រយៈពេល ២ ថ្ងៃ កន្លងមកនេះ ឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ លោកបានបន្តថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះលោក គ្រុយ ម៉ាឡែន ក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំ-សង្កាត់វិញ សូមលោក លោកស្រី យកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះរយៈពេល០២ថ្ងៃ ស្រុកចំនួន០៤ ដែលទទួលបានវគ្គបណ្ដុះបណ្ដាល រួមមានស្រុកកោះធំ ស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកពញាឮមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១៥២នាក់។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/298809888_381721804136168_7922448951731469943_n-6-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/300009701_383877677253914_295488309740452278_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299600130_383879017253780_3446797623802627346_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299735376_383877983920550_8819319054153419163_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/300955268_383879500587065_3903383564005744773_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/08/299624330_383879747253707_8761054016831244640_n-1024x683.jpg)