រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយសារការបាក់ស្រុតច្រាំងព្រែក បណ្តាលឱ្យរងផលប៉ះពាល់ដល់លំនៅឋានចំនួន ១១គ្រួសារ នៅភូមិព្រែកថី និងភូមិព្រែកសំរោង ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

++++++++++++++++++ខេត្តកណ្តាល ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារការបាក់ស្រុតច្រាំងព្រែក ដែលបណ្តាលឱ្យរងផលប៉ះពាល់ដល់លំនៅឋានសរុបចំនួន ១១គ្រួសារ នៅភូមិព្រែកថីនិងភូមិព្រែកសំរោង ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមក នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឮក និងអាណិតអាសូរបំផុត។ លោកនាយកសាខា បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ពិសេសជនក្រីក្រ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រកូនច្រើននៅក្នុងបន្ទុក កុមារកំព្រា និងជនពិការជាដើម ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកនាយកក៏បានសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាចម្បង ហើយអនុវត្តការរស់នៅស្អាត ផឹកស្អាត ហូបស្អាត ចេញទឹកនឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នារដូវទឹកឡើងនេះ ពិសេសក្មេងៗតូចៗមិនត្រូវឱ្យទៅលេងនៅក្បែរទឹក ដែលអាចបណ្ដាលឱ្យលង់ទឹកផងដែរ។ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ លោកនាយកសាខា បាទសំណូមពរដល់បងប្អូនមេត្តាចូលរួមអនុវត្តបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ៖ ៣កុំ និង ៣ការពារ ។ ជំនួយសង្គ្រោះដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ត្រីខកំប៉ុង ២យួរ ,ទឹកសុទ្ធ ដបធំ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ជែលលាងដៃ ១ដប ,ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ២០ម៉ឺនរៀល ៕

អត្ថបទទាក់ទង