រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះចំនួន ៣គ្រួសារ ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុង ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

++++++++++++ខេត្តកណ្តាល ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ទៀង សុគន្ធ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយក ជំនួយសង្គ្រោះទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុង ចំនួន៣ខ្នង កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជំនួយសង្គ្រោះដែលបានផ្តល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ៥០គីឡូក្រាម ,មីខ្លាឃុំ ១កេស ,ទឹកសុទ្ធដបធំ ១កេស ,ត្រីខកំប៉ុង ២យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ឃីត ១កញ្ចប់ ,កៅស៊ូតង់ ១ផ្ទាំង ,ជែលលាងដៃ ១ដប ,ម៉ាស់ ១ប្រអប់ និងថវិកាចំនួន ៤០ម៉ឺនរៀល ។ ជាមួយគ្នានេះអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក៏បាន ឧបត្ថម្ភថវិកាបន្ថែមជូនក្នុង១គ្រួសារ ចំនួន ២០ម៉ឺនរៀលផងដែរ ។ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករឭក អណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយជាមួយបងប្អូន ដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ ។

លោកនាយកសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺផ្តោតទៅលើការជួយដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ គ្មានការរើសអើងជាតិសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងដូចក្នុងករណីគ្រោះមហន្តរាយដោយសារអគ្គិភ័យនាឱកាសនេះជាដើម ។ លោកនាយកសាខា បានសំណូមពរសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងបន្តចូលរួមអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ៣កុំ និងការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ ៕

អត្ថបទទាក់ទង