រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាស្តីពី-វឌ្ឍនភាព បញ្ហាប្រឈម ការរៀនសូត្រ យុទ្ធសាស្ត្រ និងការឆ្ពោះទៅមុខ នៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកណ្តាល

+++++++ខេត្តកណ្តាល៖នៅសាលាខេត្តកណ្តាលបានរៀបចំសិក្ខាសាលាស្តីពី-វឌ្ឍនភាព បញ្ហាប្រឈមការរៀនសូត្រ យុទ្ធសាស្ត្រ និងការឆ្ពោះទៅមុខ នៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២។ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍនជនបទខេត្តកណ្តាល បានថ្លែងថា៖កម្មវិធីនៃការលើកកម្ពស់សុខភាព ការអប់រំ លក្ខខណ្ឌនៃការរស់នៅតាមរយៈវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ គឺជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាល តាមយៈក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្ត ទុកដាក់ខ្ពស់នាពេលកន្លងមកក៍ដូចបច្ចុប្បន្ន។

ជាក់ស្តែង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ ទទួលបានការគាំទ្រ និងអនុម័តពីរាជរដ្ឋាភិបាល នៅថ្ងៃ៣ ខែកុម្ភះ ឆ្នាំ ២០១៤។ លោកស្រីបានបន្តថា៖ចំពោះវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទខេត្តកណ្ដាល ឆ្នាំ២០២២ ទទួលបានលទ្ធផល ល្អប្រសើរដែលក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើមាន ៩៩.៥០% (ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួនមាន៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤៥%) ចំណែកខ្នងផ្ទះគ្មានបង្គន់ប្រើមាន ០.៥% ដែលភាគច្រើននៃខ្នងផ្ទះទាំងនេះ រស់នៅលើដីសាធារណៈលើទឹក គ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។ នៅត្រឹមឆមាសទី០១ ឆ្នាំ២០២២ ក្នុងចំណោម ៥៦៥ភូមិ ៧៤ឃុំ/សង្កាត់ នៃក្រុង/ស្រុក ទាំង ០៧ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖ ភូមិបានប្រកាស ODF ផ្ទៃក្នុង(Calm ODF)សរុបចំនួន ៥៣៨ភូមិ ក្នុងនេះភូមិបានផ្ទៀងផ្ទាត់រួច (Verified ODF) មានចំនួន ៣៩៨ភូមិ(មិនទទួលបាន ODF ចំនួន ១៩ភូមិ) នៅសល់ភូមិចំនួន ១៤០ភូមិ ដែលកំពុងចុះផ្ទៀងផ្ទាត់បន្តទៀត។

លោកស្រីបានបន្ថែមថា៖ការទទួលបានលទ្ធផលល្អនេះ អាស្រ័យដោយមានការចូលរួមពីគ្រប់លំដាប់ថ្នាក់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈបច្ចេកទេស និងថវិកាជាដើម។ ការចូលរួមនេះ ជាផ្នែកមួយនៃការអនុវត្តយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ដើម្បី សម្រេចបាននូវទស្សនវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនោះ ឯកឧត្តម នុត​ ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖យើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ អាស្រ័យដោយយើងមានសុខសន្តិភាព ដែល “សន្តិភាព"នេះ កើតចេញពីការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងមានការ អភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះហើយ "មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖សិក្ខាសាលាថ្ងៃនេះយើងត្រូវពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ធ្វើផែនការជាមួយគ្នាឡើងវិញ ប្តេជ្ញាចិត្ត ជាមួយគ្នាឡើងវិញថា ត្រូវតែជំរុញឱ្យរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ របស់យើងបញ្ចប់ការបន្ទោបង់ពាសវាលពាស កាល(ODF) ឱ្យបាននៅឆ្នាំ២០២២។យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ណាធ្វើបានហើយរដ្ឋបាលណាធ្វើមិនបានបណ្តាលមកពីមូលហេតុអ្វីដូច្នេះរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវ នូវផែនការសកម្មភាពដែលបានលើកឡើង។ យើងមិនមែនចេះតែលើកផែនការឱ្យតែរួចនោះទេ ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីដំណើរការ នៃការអនុវត្តគម្រោង តើមានលទ្ធផល បញ្ហា និងការប្រឈមដូចម្ដេចខ្លះ?។ ឯកឧត្តមបានបន្ថែមថា៖ដ្បិតថាយើងជាប់ចំណាត់ថ្នាក់លេខ០៣ក៍ពិតមែនប៉ុន្តែយើងនៅតែមានមោទនភាពពីព្រោះថាកន្លងមកខេត្តកណ្តាលមិនមែនជាខេត្តគោលដៅដែលក្រសួងបានដៅឱ្យបាន ODF នៅត្រឹមឆ្នាំ២០២៣នោះទេ។ ប៉ុន្តែតាមរយៈកិច្ចសហការគ្នា និងដោយមានការគាំទ្រពីអង្គការវីតធឺអេដ(WaterAid) ជាពិសេសការគាំទ្រ និងចូលរួមរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់បានរួមគ្នាលះបង់ពេលវេលាធនធានកម្លាំងប្រាជ្ញាស្មារតីធ្វើឱ្យសម្រេចបានលទ្ធផលដែលគួរជាទីមោទន។

អត្ថបទទាក់ទង