រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ត្រូវបានប្រកាសសុពលភាព

+++++++ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា ឃុំអាណត្តិថ្មី គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធានកំណត់ អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការនានារបស់ក្រុម ប្រឹក្សាឃុំ ស្របតាមសេចក្តីណែនាំលេខ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ឯកឧត្តម បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលជាគណៈអធិបតីពីសំណាក់ឯកឧត្តម ហ៉ីង ច័ន្ទបូរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ២០០នាក់។ឯកឧត្តមបានបន្តថា កិច្ចការបន្តគឺក្រុមប្រឹក្សាឃុំអាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន ក្នុងករណីពិនិត្យឃើញមាន គម្រោងមូលនិធិឃុំ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេវាកម្ម ដែលបានធ្វើលទ្ធកម្មរួចហើយ ប៉ុន្តែមិនទាន់បានអនុវត្ត ឬបានធ្វើលទ្ធកម្មរួចហើយ ហើយកំពុងតែអនុវត្ត ឬកំពុងស្ថិតក្នុងកិច្ចសន្យា ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ត្រូវទទួលខុសត្រូវអនុវត្តបន្តគម្រោងទាំងនោះរហូតដល់បញ្ចប់។នាឱកាសនោះដែរ ឯកឧត្តមក៏បានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំថ្មី ត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយ​ស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ រក្សាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ លុបបំបាត់ឱ្យ​បាន​នូវបញ្ហាគ្រឿងញៀន​ ល្បែងស៊ីសងគ្រប់ប្រភេទ​ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ​ជា​ពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំកាន់តែមានការអភិវឌ្ឍន៍​ហើយជីវ​ភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែម​ទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។សូមជម្រាបថា ក្រុមប្រឹក្សាឃុំព្រែកលួង ដែលត្រូវបានប្រកាសសុពលភាពមានចំនួន ៥រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៤រូប និងមកពីគណបក្សភ្លើងទៀន ១រូប។

អត្ថបទទាក់ទង