ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំកោះធំ ខ អាណត្តិទី៥ នៃស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំកោះធំ ខ ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្នុងឃុំ និងប្រជាពលរដ្ឋប្រមាណ១២០នាក់ ។ លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកណ្ដាល បានបង្ហាញឱ្យដឹងជាផ្លូវការថា តាមរយៈការបោះឆ្នោតអាណត្តិទី៥នេះ សមាជិកក្រុមប្រឹក្សាឃុំមាន៧រូប ដែលត្រូវជាប់ឆ្នោតក្នុងនោះ៣រូប ត្រូវបានតែងតាំងលោក បាប ស៊បាក់ ជាមេឃុំកោះធំ ខ ទី២លោកស្រី ដុប ហៃវណ្ណា ជាជំទប់ទី១ លោក ណូវ សុខឃា ជាជំទប់ទី២ និង៤រូបទៀតជាសមាជិកក្រុមប្រឹក្សាឃុំកោះធំ ខ ។ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ក៏មានរបាយការណ៍បង្ហាញនូវស្នាដៃដែលក្រុមប្រឹក្សាឃុំអាណត្តិទី៤សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងកមផងដែរ ។ ដោយសារស្នាដៃអភិវឌ្ឍក្នុងអាណត្តិទី៤នេះហើយ ទើបនៅអាណត្តិទី៥នេះ ឃុំ បានទទួលនូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋ ក្រោមឱវាទ ដ៏ច្រើនលើសលុប ។ ឯកឧត្ដម ក៏បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សា ឃុំកោះធំ ខ អាណត្តិទី៥ និង លោក លោកស្រី ជាមេឃុំ ជំទប់ ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំ : ឃុំកោះធំ ខ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្ដមបន្តថា ក្នុងនាមជាសមាជិក ក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី អស់លោក មានសមាសភាពមកពី គណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោល ការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុង ឃុំកោះធំ ខ ទាំងមូល។ ហេតុនេះ នៅក្នុង អាណត្តិការងារ០៥ឆ្នាំនេះ លោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួ នាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយ ស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292329962_350555290586153_2896702489638482405_n-8-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292200161_350797510561931_2597133043551562866_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/290934006_350797713895244_6330482882524288165_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/290405031_350797630561919_9035008854567727163_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/291795360_350797560561926_8508189361432766384_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/292236670_350798143895201_98374020616948765_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/07/291896148_350798070561875_1373572075498217478_n-1024x682.jpg)