រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំអរិយក្សត្រ ស្រុកល្វាឯម

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយ នោះឡើយ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយ ផ្សេងៗគ្នា ដែលបានប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើស អើងខាងនយោបាយដាក់គា្ននោះឡើយ ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋាន របស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្តទៀតទើបជាការប្រសើរ។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ដូច្នេះ នៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំអរិយក្សត្រ ស្រុកល្វាឯម កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ២០០នាក់។ឯកឧត្តមបានបន្តថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាពនៃការ ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត ទោះបីជាក្រុម ប្រឹក្សាឃុំ ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាឃុំអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែន បានសេចក្ដីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំអាណត្តិចាស់បាន អនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំអាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំអាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។ឯកឧត្តមក៏បានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយ​ស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ រក្សាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ លុបបំបាត់ឱ្យ​បាន​នូវបញ្ហាគ្រឿងញៀន​ ល្បែងស៊ីសងគ្រប់ប្រភេទ​ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ​ជា​ពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំស្វាយជ្រំកាន់តែមានការអភិវឌ្ឍន៍​ហើយជីវ​ភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែម​ទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។សូមជម្រាបថា ក្រុមប្រឹក្សាឃុំអរិយក្សត្រដែលត្រូវបានប្រកាសសុពលភាពមានចំនួន ៧រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦រូប និងមកពីគណបក្សភ្លើងទៀន ១រូប។

អត្ថបទទាក់ទង