មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិកោះប្រាក់, ភូមិភូមិធំ, ភូមិរទាំង, ភូមិកោះប្រាក់ចាស់, និងភូមិរទាំងត្បូង, ឃុំភូមិធំ សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ និងត្រូវផ្ដល់ឯកសារពាក់ព័ន្ធ ដើម្បីមានភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដី។ នេះជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន៥ភូមិ ក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងបរិវេណវត្តកៀនស្វាយក្រៅ។ លោក ព្រំ ឆាត បានបន្តថា៖ ការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនដល់ការឈ្មោះជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់ ដើម្បីឈានដល់ការចេញប័ណ្ណស្របច្បាប់ជូនពួកគាត់បានយ៉ាងឆាប់រហ័ស។ លោកអនុប្រធានមន្ទីរ បន្ថែមថា ឯកសារពាក់ព័ន្ធដែលត្រូវត្រៀមរួមមាន៖ លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើម។ លោកអនុប្រធានមន្ទីរ បន្ថែមទៀតថា៖ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីនេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ ហើយក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ និងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល និងចាត់ចែងមិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ លោកអនុប្រធានមន្ទីរ ក៏បានឱ្យដឹងផងដែរថា ក្រុង-ស្រុកទាំង ១១ ទូទាំងខេត្តកណ្ដាល មានក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ត្រូវបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ នៅសល់ស្រុកចំនួន ៩ទៀតកំពុងបន្តនីតិវិធីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះផងដែរ។
- 183
- ដោយ អ៊ុន ស្រីកែវ