ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញ ប្រកាស់តែងតាំង លោក ឆាយ សុណា អភិបាលរងស្រុកមុខកំពូល ជាអភិបាលរងស្រុក ជំនួសលោក សោម ផល្លា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជាអភិបាលរងស្រុកមុខកំពូល ។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្ដាល បានឱ្យដឹងថាលោក សោម ផល្លា អភិបាលរងស្រុក បានបម្រើការងារចំនួន២អាណត្តិ រយៈពេល ៨ឆ្នាំ ត្រូវបានបញ្ចប់បេសកកម្មក្នុងស្រុកលើកដែក ដែលត្រូវបានផ្ទេរចេញ ។
រាជរដ្ឋាភិបាលបានតែងតាំង លោក ឆាយ សុណា ជាអភិបាលរង ស្រុកលើកដែក ជំនួសលោក សោម ផល្លា ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារជាអភិបាលរង ស្រុកមុខកំពូល ។
ឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកថ្មីទាំងពីរត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងលោក លោក ឆាយ សុណា ជាអភិបាលរងស្រុកលើកដែក ដើម្បីរួមចំណែកដឹកនាំអោយស្រុកលើកដែក មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកលើកដែក ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបាន កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍស្រុកលើកដែក ឲ្យសម្រេចបានសមិទ្ធផល និងមានការរីក ចម្រើនលើគ្រប់វិស័យ។