++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់គ្រប់ប្រភេទ និងសិក្សាទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងការសាងសង់សំណង់ដែលល្មើសច្បាប់ នៅសាលាខេត្តកណ្តាល ។កិច្ចប្រជុំនេះមានការចូលរួមពី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានគូសបញ្ជាក់ថា៖ បញ្ហាប្រឈមមួយចំនួន ដូចជាការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ការសាងសង់ខុសបច្ចេកទេស និងការរំលោភលើដីសាធារណៈរបស់រដ្ឋ ឬដីចំណីផ្លូវ ដែលទាមទារឱ្យមានការរឹតបន្តឹង និងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត។ដើម្បីដោះស្រាយបញ្ហាសំណង់ល្មើសច្បាប់ឱ្យមានប្រសិទ្ធភាព និងតម្លាភាព មន្ត្រីជំនាញច្បាប់ និងតំណាងមន្ទីរពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យលើទិដ្ឋភាពបច្ចេកទេសច្បាប់ នីតិវិធីនៃការផ្អាកការសាងសង់ជាបណ្តោះអាសន្ន ក្នុងនោះ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវសហការជាមួយមន្ទីរជំនាញចុះត្រួតពិនិត្យការដ្ឋានសាងសង់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ការសាងសង់ខុសច្បាប់ ចាប់តាំងពីដំណាក់កាលបុកគ្រឹះដំបូង។ ឯកឧត្តមបន្តថា៖ ចំពោះសំណង់ណាដែលរកឃើញថាខុសច្បាប់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត គ្មានការយោគយល់ ឬយឺតយ៉ាវឡើយ ដើម្បីធ្វើជាគំរូ និងជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយសំណង់គ្មានគុណភាព។











