ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំ អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅស្នងការនគរបាលខេត្តកណ្តាល។ ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្ត និងសម្តែងនូវការអរគុណចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសសម្រួលចរាចរណ៍ដល់ ថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ នៅពេលដែលបងប្អូនប្រជាពលរដ្ឋដទៃទៀត បានឈប់សម្រាកពីការងារ ដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅស្រុកកំណើត ឬទៅវត្តអារាមយ៉ាងសប្បាយរីករាយនោះ កងកម្លាំងនគរបាលរបស់យើងមិនបានឈប់សម្រាកឡើយ។ ផ្ទុយទៅវិញ បងប្អូនកងកម្លាំងត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួន និងក្តីសុខជួបជុំគ្រួសារ ដើម្បីឈរជើងបំពេញភារកិច្ចនៅតាមគោលដៅ ក្នុងការថែរក្សាសន្តិសុខ និងជាពិសេសគឺការឈរជើងសម្រួលចរាចរណ៍ តាមដងផ្លូវធំៗក្នុងខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងកាត់បន្ថយការកកស្ទះ។ការលះបង់ និងស្មារតីភក្តីភាពរបស់កងកម្លាំងនគរបាលខេត្តកណ្តាលនាពេលនេះ គឺជាគំរូ និងជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយឱ្យពិធីបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តទៅដោយរលូន គ្មានបាតុភូតអសន្តិសុខ និងធានាបាននូវស្នាមញញឹម ព្រមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់កងកម្លាំងនគរបាលទាំងអស់ និងគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារដែនដី និងសន្តិសុខជូនប្រជាពលរដ្ឋបន្តទៀត ព្រមទាំងបាននាំយកនូវអំណោយ និងថវិកាលើកទឹកចិត្តមួយចំនួន ឧបត្ថម្ភជូនដល់កងកម្លាំងនាឱកាសនោះផងដែរ៕








