រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភារា ជុំវិញខេត្ត

++++++++ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក ផាន់ មករា ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភារា ជុំវិញខេត្ត។ កិច្ចប្រជុំនេះក៏មានការចូលរួមពី មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក លោក លោកស្រី ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តកម្មវិធីកែទម្រង់នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយមានគោលបំណងពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ និងផែនយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ក្នុងនោះ រដ្ឋបាលខេត្តកណ្តាលបាន និងកំពុងចូលរួមអនុវត្តយ៉ាងសកម្មលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិចលនទ្រព្យនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការបន្តពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាជាពិសេសក៏បានចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហៅកាត់ថា SARMIS ដែលកិច្ចការទាំងនេះ គឺជាកម្មវត្ថុសំខាន់នៃការរៀបចំកម្មវិធីនាពេលនេះ។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូច្នេះ ក្នុងនាមជាអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាល។ ការណ៍នេះ សំដៅដល់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងគោលបំណងធានាឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។លោក ផាន់ មករា ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើ ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញ និងគាំទ្របច្ចេកទេសដល់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន (ក្រុង ស្រុក ឃុំ សង្កាត់) ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ពិនិត្យ និងផ្កផ្គងលើតារាងប្រៀបធៀបការកើនឡើង និងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ ដើម្បីធានាតម្លាភាព និងគណនេយ្យភាព និងផ្តោតជាសំខាន់លើរដ្ឋបាលឃុំ-សង្កាត់ និងក្រុង-ស្រុក ដែលជាថ្នាក់អនុវត្តផ្ទាល់នៅមូលដ្ឋាន ដើម្បីឱ្យការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋមានភាពគ្រប់ជ្រុងជ្រោយ។តាមរបាយការណ៍របស់លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល បានដឹងថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥)១.មន្ទីរជំនាញ អង្គភាព សរុបចំនួន ៣១ អង្គភាព បានរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ តាមប្រព័ន្ធ SARMIS Ver.2 បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តកណ្តាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវបាន ចំនួន ៣១អង្គភាព ស្មើនឹង១ ០០% ។២. រដ្ឋបាលខេត្ត ក្រុង ស្រុក សរុបចំនួន ១៤អង្គភាព បានរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ តាមប្រព័ន្ធ SARMIS Ver.1 បានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវ បានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។ ដោយឡែកសម្រាប់រដ្ឋបាលខេត្ត គឺរៀបចំតាមប្រព័ន្ធ SARMIS Ver.2។៣. រដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ១២៧អង្គភាព បានរៀបចំតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ តាមប្រព័ន្ធ SARMIS Ver.1 និងបានបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹម ត្រូវបានចំនួន ១២៧អង្គភាព ស្មើនឹង ១០០%។

អត្ថបទទាក់ទង