រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ រៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ស្ថិតនៅក្រុងតាខ្មៅ

++++++++++ខេត្តកណ្ដាល៖ ដើម្បីពង្រឹងការយល់ដឹងអំពីសីលធម៌សង្គម តម្លៃស្ត្រី និងចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ បានរៀបចំវេទិកាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងស្ត្រី ស្ថិតនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។នៅក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណង ដើម្បីពង្រឹង ថែរក្សា ការពារវប្បធម៌ជាតិ ទំនៀមទំលាប់ប្រពៃណីជាតិ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ប្រកបដោយសុភមង្គល។លោកជំទាវបានអំពាវនាវ និងសំណូមពរដល់មាតាបិតា អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅឱ្យដើរតាមផ្លូវល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុនផ្សេងៗ ប្រសិនបើគ្រួសារមានសុភមង្គល ចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌រស់នៅល្អ នោះសង្គមជាតិទាំងមូលនឹងមានសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។លោកជំទាវក៏ជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីសីលធម៌សង្គម តម្លៃស្ត្រី និងចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អនៅក្នុងសហគមន៍។

អត្ថបទទាក់ទង