++++++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អង្គការមូលនិធិកុមារកម្ពុជា មានសកម្មភាពក្នុងការជួយដល់កុមារកំព្រារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ និងឱកាសបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស។ បេសកកម្មនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមនៅកម្ពុជា។ រដ្ឋបាលខេត្តកណ្ដាលសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្ដម ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានជួយដល់កុមារកំព្រា កុមារក្រីក្រ និងកុមារមានគ្រោះថ្នាក់ ឱ្យទទួលបានការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សីលធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពក្លាយជាពលរដ្ឋល្អដែលមានសក្តានុពលពេញលេញរស់នៅក្នុងសង្គម។

















