+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំសម្របសម្រួល ជំរុញ និងពន្លឿនការដោះស្រាយករណី គ្រឿងញៀនរបស់ប្រជាពលរដ្ឋដែលបានរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួម ពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការមួយចំនួនដូចជា ត្រូវខិតខំបន្តការផ្សព្វផ្សាយ អប់រំ និងបន្តរឹតបន្ទឹងការងារអនុវត្តច្បាប់ សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មាន ដូចជានៅតាមសាលារៀន និងសហគមន៍ ។ ក្នុងនោះ ឯកឧត្តមបានណែនាំដល់មន្ទីរព័ត៌មានខេត្ត សូមជួយអប់រំផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀតទៅដល់យុវជន ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការប្រើប្រាស់ App NoDrug ជាពិសេស អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ក៏ត្រូវបន្តខិតខំការធ្វើវេទិកាសាធារណៈ ដើម្បីអប់រំផ្សព្វផ្សាយដល់មហាជនបានយល់ច្បាស់អំពីផលវិបាកនៃគ្រឿងញៀន និងត្រូវមានវិធានការមួយចំនួនផ្សេងទៀត ពោលគឺធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបនូវរាលបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមរយៈ App NoDrug សមត្ថកិច្ចបង្ក្រាបបានករណីគ្រឿងញៀនជាបន្តបន្ទាប់ នៅតាមតំបន់ភូមិឋាន ឬ មូលដ្ឋាននានា របស់ប្រជាពលរដ្ឋ ដែលជួបប្រទះលើបញ្ហាគ្រឿងញៀន។ App នេះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើតឡើងសម្រាប់ឱ្យប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងប្រទេស អាចរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីអាចឱ្យសមត្ថកិច្ចចុះទៅអន្តរាគមន៍បង្ក្រាបទាន់ពេលវេលា។សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ APP NoDrug មានកម្មវិធីជាច្រើនរួមមាន៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន, ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹង ប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និងជូញដូរគ្រឿងញៀនគ្រប់ប្រភេទ ដោយរក្សាការសម្ងាត់។











