++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីវគ្គផ្សព្វផ្សាយ ការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ»។ពិធីនេះមានការអញ្ជើញចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរមុខងារសាធារណៈខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងលោក-លោកស្រី ជានាយក នាយិកា និងលោកគ្រូ -អ្នកគ្រូជាច្រើនរូបផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំការប្រឡងផ្ទៃក្នុងនេះ ដែលជាយន្តការប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង៖ឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដោះស្រាយបញ្ហាកង្វះខាតគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសារការកើនឡើងយ៉ាងរហ័សនៃចំនួនសិស្ស។ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ និងណែនាំដល់លោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តកណ្តាល ដែលមានបំណងចូលរួមប្រឡង ត្រូវសិក្សាឈ្វេងយល់ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ពាក្យ ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវទៅតាមការកំណត់។ជាមួយគ្នានេះដែរ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ជួយសម្រួល និងផ្តល់ព័ត៌មានលម្អិតជូនដល់បេក្ខជនទាំងអស់ឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពសុក្រឹត។សូមបញ្ជាក់ផងដែរថា វគ្គផ្សព្វផ្សាយ និងពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗចំនួន៣ ដើម្បីអោយលោកគ្រូ អ្នកគ្រូក្រប ខណ្ឌបានយល់ដឹងកាន់តែច្បាស់ រួមមាន៖ ១.ការយល់ដឹងច្បាស់អំពីលក្ខខណ្ឌជ្រើសរើស និងលក្ខខណ្ឌគតិយុត្តិ។ ២.ការចេះកសាងផែនការតម្រូវការគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារជំនួស។ ៣.ការស្នើសុំគ្រូបង្រៀនលើកិច្ចព្រមព្រៀងការងារឱ្យបានទាន់ពេលវេលា៕









