----------------------------ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ៣គ្រួសារ សមាជិកក្នុងបន្ទុក ៩នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែង នៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូនជនរងគ្រោះនាឱកាសនេះ មានលក្ខណៈតិចតួច និងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះក៏ពិតមែន ប៉ុន្តែការងារបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាខាក្នុងការចូលរួមចំណែកជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ និងពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ ។សម្ភារៈអំណោយដែលសាខាបានផ្តល់ជូនក្នុងគ្រួសារនីមួយៗបានទទួលមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ និងសម្ភារៈផ្ទះបាយ ១ឈុត។ ដោយឡែកចំពោះជនរងគ្រោះ ២គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ចំនួន ២គ្រួសារ សាខាបានឧបត្ថម្ភថវិកាជូនក្នុង ១គ្រួសារថវិកា ចំនួន ៤០ម៉ឺនរៀល។ ចំណែក ១គ្រួសារទៀត ដែលបានរងផលប៉ះពាល់ប្រមាណ២០% សាខាបានផ្តល់ថវិកាជូនចំនួន ២០ម៉ឺនរៀល៕







