++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា អនុវិស័យយុវជន ជាពិសេសយុវជនខ្លួនឯងផ្ទាល់ គឺគន្លឹះអប់រំដ៏ចាំបាច់ និងសកម្មបំផុតក្នុងការលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព។ នៅក្នុងអត្ថន័យនៃប្រធានបទក្នុងពិធីនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យុវជនពិតជាកម្លាំងស្នូលនៃអាទិភាព គន្លឹះពង្រឹងការអប់រំ និងការអភិវឌ្ឍសាលារៀនយ៉ាងពិតប្រាកដ» ព្រោះការប្រើប្រាស់សក្តានុពលរបស់យុវជន សម្រាប់ដំណើរការសកម្មភាពអប់រំនៅតាមសាលារៀន គឺជាការអប់រំជំនាញទន់ ជំនាញវិជ្ជាជីវៈ និងការផ្តល់នូវបទពិសោធន៍ការងារដល់យុវជន ហើយសាលារៀនក៏ទទួលបាននូវលទ្ធផលសិក្សាខ្ពស់ និងការអភិវឌ្ឍសាលា រៀនបានឆាប់រហ័សផងដែរ។ឯកឧត្តម ប៊ុន ផេង បានបញ្ជាក់ដូច្នេះនៅក្នុង កម្មវិធីអបអរសាទរខួបលើកទី២៦ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ខេត្ត ២០២៥” ក្រោមប្រធានបទ "ទំនួលខុសត្រូវ និងភាពធន់របស់យុវជនដើម្បីចូលរួមកសាងប្រទេសជាតិប្រកបដោយជ័យភាព" ដែលបានរៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រិដ្ឋការខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សជាច្រើនរូប។ឯកឧត្តម ប៊ុន ផេង បានបន្តថា ក្រោមប្រធានបទ"ទំនួលខុសត្រូវ និងភាពធន់របស់យុវជនដើម្បីចូលរួមកសាងប្រទេសជាតិប្រកបដោយជ័យភាព" ខាងលើនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនសិស្សានុសិស្សទាំងអស់ ក្នុងការពិភាក្សាអំពីតួនាទីសំខាន់របស់យុវជន ក្នុងការកសាងប្រទេសជាតិឱ្យមានចីរភាព ការបណ្តុះស្មារតីអំពីទំនួលខុសត្រូវ និងភាពធន់សម្រាប់យុវជន គឺជា មូលដ្ឋានចាំបាច់សម្រាប់ការចូលរួមយកចិត្តទុកដាក់ក្នុងការកសាងប្រទេស និងក្លាយជាធនធានដ៏មានតម្លៃនៅក្នុងសង្គមជាតិដ៏មានប្រសិទ្ធភាពក្នុងគោលដៅ ត្រឹះរិះពិចារណា វិភាគ និងស្វែងយល់ឱ្យកាន់តែច្បាស់លើសារៈសំខាន់ យុវជន ដែលចាំបាច់ត្រូវរៀនផង និងអនុវត្តដោយផ្ទាល់ផង។លោកស្រី ទេព ស៊ីណាត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនជាសរសៃឈាម និងជាសរសរទ្រូង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាអ្នកថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ជាពិសេសគឺស្ថេរភាព និងសន្តិភាពនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ លោកស្រី បានបន្តទៀតថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពក្នុង ការកសាងមូលធនមនុស្ស ដែលឆ្លើយតបខ្ពស់ទៅនឹងទីផ្សារការងារ។ ក៏ប៉ុន្តែយុវជនក៏ត្រូវចេះចាប់យកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីធានាអំពីភាពប្រកួតប្រជែងនៅក្នុងបរិការណ៍នៃបដិវត្តកម្ម ឌីជីថល និងការប្រែប្រួលឥតឈប់ឈររបស់ពិភពលោក។ លោកស្រីបានបន្ថែមដែរថា ក្រសួងអប់រំ យុវជន និងកីឡា មាន បេសកកម្មក្នុងការកសាងមូលធនមនុស្ស ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងសាកលលោក ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជា មូលដ្ឋានគ្រឹះ និងមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងកម្មវិធីនេះក៏មានការប្រកួតជជែកដេញដោលគ្នា ទៅលើប្រធានបទ "ទំនួលខុសត្រូវ និងភាពធន់របស់យុវជនដើម្បីចូលរួមកសាងប្រទេសជាតិប្រកបដោយជ័យភាព"។ ជាលទ្ធផលផ្ដាច់ព្រ័ត្រក្នុងការប្រកួត៖ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាលទទួលបានចំណាត់ថ្នាក់លេខ១ វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ្យបូគ្រីទទួលបានចំណាត់ថ្នាក់លេខ២ ដោយឡែក វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ព្រែកតាដួង និងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹងទទួលបានចំណាត់ថ្នាក់លេខ៣។










