រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទររុក្ខទិវា៩ កក្កដា និងពិធីដាំដើមឈើ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

+++++++++++++++ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិតខំថែរក្សាឱ្យដុះលូតលាស់បានល្អដើម្បីផ្តល់ជាប្រយោជន៍យើងទាំងអស់គ្នា។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។

យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើតមានគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែនដីកើនឡើង ។ល។ ដែលនាំឱ្យមានផលវិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។រុក្ខទិវា៩ កក្កដា ឆ្នាំ២០២២នេះ បានដាំដើមឈើ នៅតាមដងផ្លូវលេខ ៣៨៣ ផ្លូវលេខ៣៨៣M ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល រួមមាន៖ ក្ងោក គីនីន និងដើមច័ន្ទគីរី សរុបចំនួន២៨០០ដើម។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានយកកូនឈើចំនួន ៥ ០០០ដើម ដើម្បី ធ្វើការចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅទីនេះផងដែរ។

អត្ថបទទាក់ទង