រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ងី ច័ន្រ្ទផល ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​សមាសភាព​ក្រុមការងារគណនេយ្យភាព​សង្គ​ម​ថ្នាក់​ខេត្ត និង​​​ផ្សព្វផ្សា​​យ​​​ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រា​ប់​​​​រដ្ឋបាលខេត្តកណ្តាល

  • 1.1ពាន់
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ងី ច័ន្រ្ទផល ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​​ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​សមាសភាព​ក្រុមការងារគណនេយ្យភាព​សង្គ​ម​ថ្នាក់​ខេត្ត និង​​​ផ្សព្វផ្សា​​យ​​​ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រា​ប់​​​​រដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

នាពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធាន​សម្រប​សម្រួ​ល​​​គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេ​​យ្យ​​នៅ​ថ្នាក់ក្រោមជាតិ លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះ​សាលា​​ខេ​ត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ​ កងកម្លាំងទាំងបីរបស់ខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុកទាំង១១ លោក លោកស្រី តំណាងអង្គការសុខភាពអន្តរជាតិ(FHI360), វិទ្យាស្ថានតស៊ូមតិ និង​គោលនយោបា​​យ​(API) តំណាងអង្គការ សមាគម ជាដៃគូអនុវត្តគម្រោង​គណនេយ្យភាព​សង្គ​ម​ សរុបចំនួន១១២នាក់។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ ជាដើមឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុកោ​​ណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងរយៈពេលនេះ ខេត្តកណ្តាលបានបន្តវិវត្តប្រែប្រួលទៅមុខប្រកបដោយមោទនភាព ក្រោមដំបូលនៃសុខសន្តិភាព និង​ការ​អភិវឌ្ឍ​​ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុ​ជា ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម។

តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល​​ រហូតមកដល់ពេលបច្ចុប្បន្ន​ កម្ពុជា​បានឆ្លងកាត់​​​​ដំណាក់កាលជាច្រើន​នៃ​ការធ្វើកំណែទម្រង់​​ក្នុងគោលដៅ​ដើម្បី កំណើន ​បង្កើត​ការងារ​ ធានា​សម​ធម៌ និង​ប្រសិទ្ធភាព​ សំដៅ​សម្រេចឱ្យបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចីរភាព​ សមធម៌ និង​បរិយាប័ន្ន​។ ក្នុងនោះ​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងចំណោម​របៀបវារៈ​ដទៃ​ទៀត​​នៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលទី៣ នៃផែនការ​អនុវត្តរយៈពេលបីឆ្នាំ ដែលជា​​ដំណាក់​កាល​ចុង​​ក្រោយ​នៃ​ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់​ការ​អភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់​ក្រោម​ជាតិ។ ដំណាក់កាលនេះ ជាដំណាក់កាលផ្ដោត​លើការ​ពង្រឹង​តួនាទី​របស់​រដ្ឋបាល​​ក្រុង ស្រុក ខណ្ឌ ឱ្យក្លាយជា​រដ្ឋបាលមូលដ្ឋាន​ដ៏​មាន​​​សក្តានុពលមួយ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ អាចឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការរបស់មូលដ្ឋាន ប្រកប​ដោយប្រសិទ្ធភាព តាមរយៈ​ការ​ផ្ទេរ​សិទ្ធិ​អំណាច មុខងារ និងធនធាន​កាន់តែច្រើន និងកាន់តែ​សមស្រប​ទៅឱ្យរដ្ឋបាលក្រុង ស្រុក សំដៅធានា​ប្រសិទ្ធ​ភាពក្នុងការ​លើក​កម្ពស់​​គុណភាព​ជីវិតរបស់​ប្រជាពលរដ្ឋ ក៏ដូចក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាម​គោលការណ៍​​នៃការ​អភិវឌ្ឍ​តាម​បែប​​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​។

ទោះបីជា កម្មវិធីជាតិសម្រាប់ការអ​ភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល​១០​ឆ្នាំ​ នឹង​ត្រូ​វ​​​​​​​បញ្ចប់នៅចុងឆ្នាំ​២០២០នេះ ក៏ប៉ុន្តែផ្អែកតាម​ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល​យុទ្ធសា​ស្រ្ត​​​ចតុ​កោណ​​ដំណាក់កាលទី៤ និង​ផ្អែកលើមេរៀនបទពិសោធន៍នៃការអនុវត្តនាពេលកន្លងមក រាជរដ្ឋា​ភិបា​ល​​​នឹង​បន្ត​រៀបចំ និងដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិរយៈពេលវែងថ្មីមួយទៀត ដែលត្រូវ​ចាប់​ផ្តើមអនុវត្តពីឆ្នាំ​២០២១​តទៅ ដើម្បីធានាដល់ការបន្តអនុវត្ត​កំណែទម្រង់​នេះឲ្យកាន់​តែស៊ី​ជម្រៅ​​​បន្ថែមទៀត។

ជាក់ស្តែង ការប្រកាសក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងការផ្សព្វផ្សាយផែនការ​អនុវត្ត​ គណនេយ្យភាពសង្គម ដំណាក់កាលទី២ ឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៣ នាពេលនេះ គឺ​បង្ហាញ​អំពីការ​តាំង​ចិត្ត​ខ្ពស់​ក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងចំពោះការអនុវត្តកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈកា​រ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និង​ពិសេស​ផ្តោត​ទៅ​លើកា​រផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយរាប់បញ្ចូលទាំងស្រ្តី កុមារ ជនជាតិ​ដើមភាគតិច ជនងាយ​រងគ្រោះនានា និងជនមានពិការភាពជាដើម ដោយមាន​គណៈកម្មា​ធិការ​ជាតិ​សម្រាប់ការ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ជាសេនាធិការ​ក្នុងការ​សម្រប​សម្រួល​បំពេញ​បេសកកម្ម​នេះ។

ខេត្តកណ្តាល ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅទាំង២៥រាជធានី ខេត្ត ក្នុងការ​អនុវត្ត​​កម្មវិធីគណនេយ្យភាពសង្គមដំណាក់កាលទី២ និងមានតំបន់គោលដៅរបស់កម្មវិធីនៅក្រុង ស្រុក ចំនួន​០៨ រួមមាន ក្រុងតាខ្មៅ ស្រុកកៀនស្វាយ ខ្សាច់កណ្តាល លើកដែក មុខកំពូល អង្គស្នួល ពញាឮ និងស្រុកស្អាង។

ដោយមើលឃើញអំពីសារៈសំខាន់នៃការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្លៀតឱកាសនេះ ឯកឧត្តម បានរំលឹកដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងក្រុម​ការងារ​គណនេយ្យ​ភាពសង្គ​ម​​ថ្នាក់​ក្រុង​ស្រុក ពិសេសក្រុងស្រុកគោលដៅទាំង​៨ ឲ្យបានជ្រាបថា ការងារគណនេយ្យភាពសង្គម គឺជា​ផ្នែក​ដ៏​សំខាន់មួយនៃអភិបាលកិច្ចល្អ និងជាដំណើរការនៃការ​ចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នា​ក់​ក្រោមជាតិ​​ប្រកបដោយការស្ថាបនា តាមរយៈការធ្វើសេចក្តី​សម្រេចចិត្តជាសាធារណៈ និងអនុវត្ត​សកម្មភា​ព​​​នានា។ សកម្មភាពទាំងនោះ រួមបញ្ចូលសកម្មភាព​ដែល​ប្រជាពលរដ្ឋ និងតំណាង​ប្រជាពល​រដ្ឋ អាចធ្វើការ​ផ្តល់​យោបល់សម្រាប់ឆ្លើយតបតម្រូវការជាអាទិភាព​នៅមូលដ្ឋាន និងត្រួតពិនិត្យតាមដានពីការអនុវត្ត​តួនា​ទី​​ ភារកិច្ច​របស់ក្រុមប្រឹក្សា មន្រ្តី និងអ្នកផ្តល់សេវា នៃសេវារដ្ឋបាលឃុំ សង្កាត់ សេវាអប់រំ (សាលា​បឋម​សិក្សា​)​​​ សេវាសុខាភិបាល (មណ្ឌលសុខភាព) និងសេវារដ្ឋបាលក្រុង ស្រុក ក៏ដូចជា​សេវា​មួយចំនួនទៀត ស្រប​ទៅ​តាមការផ្ទេរមុខងារ និងធនធានទៅ​ឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គមឲ្យទទួលបានលទ្ធផលវិជ្ជមាន ត្រូវការ​ជាចាំបាច់​នូវ​ផែនកា​​​​រ​​យុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដែលជាត្រីវិស័យសម្រាប់រៀបចំនូវការងារទាំងឡាយ ក្នុង​គោល​បំណ​ង និងទិសដៅផ្តល់សិទ្ធិអំណាច​ដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់​ថវិកា និងការផ្តល់សេវាសាធារណៈ​នៅ​ថ្នាក់ក្រោមជាតិប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តាមរយៈការលើកកម្ពស់នូវភាពងាយ​ទទួលបានព័ត៌មាននានា និងការចូលរួមពិនិត្យតាមដាន​លើការ​បំពេញ​​​តួនាទី ភារកិច្ច និងការងារ​ថវិកា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីសម្រេចបាននូវទស្សនៈ​វិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនានា ក្នុងនោះក៏មានកម្មវិធីជាតិ​សម្រាប់​​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដែលបានចាប់ផ្តើម​អនុវត្ត​តាំងពី​​ឆ្នាំ២០១០។ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅ​រដ្ឋបាល​ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ គឺបានធ្វើឡើងជាបន្តបន្ទាប់។ ថ្មីៗ​នេះ ​រដ្ឋបាល​ខេត្ត ក៏ដូចជារដ្ឋបាលក្រុងស្រុក ទទួលបាននូវការប្រគល់មុខងារ និងការផ្ទេរមុខងារ ធនធាន រួម​នឹង​ការកែសម្រួលរចនាសម្ពន័្ធគ្រប់គ្រង ជាពិសេសគឺនៅថ្នាក់ក្រុងស្រុក។

ដោយឡែក សម្រាប់ការគ្រប់គ្រងនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់វិញ គឺសង្កេតឃើញថា ថ្នាក់ជាតិបាន​នឹង​​កំពុង​ជម្រុញឲ្យមានការអនុវត្តធ្វើឲ្យប្រសើរឡើង ទាំងក្នុងការផ្តល់សេវារដ្ឋបាលសាម៉ី និង ការគ្រប់​គ្រង​ដែល​គ្របដណ្ដប់ទៅលើសេវានៅមណ្ឌលសុខភាពក៏ដូចជាសាលាបឋមសិក្សាជាដើម។ ការផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ នៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ នៅតាមមណ្ឌលសុខភាព សាលារៀន ជាដើម គឺធ្វើយ៉ាងណា​ឲ្យ​មា​ន​ភាពល្អប្រសើរជាងមុន និងមានការពេញចិត្ត លើការប្រើប្រាស់ទទួលនូវសេវាច្រើនជាងមុន ពីប្រជា​ពលរដ្ឋ​​នៅកម្រិតមូលដ្ឋាន និងការកាត់បន្ថយនូវគម្លាតរវាងប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់ផ្តល់សេវា។  ហើយ​អ្នកដែលអនុវត្តផ្ទាល់ ចំពោះសកម្មភាពទាំងនេះ គឺរដ្ឋបាលក្រុងស្រុក ការិយាល័យអប់រំ យុវជន និងកីឡា ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត រដ្ឋបាលឃុំសង្កាត់ មណ្ឌលសុខភាព និង​សាលា​បឋម​សិក្សា​​​នៅនឹងមូលដ្ឋាន។ ដូច្នេះ ឯកឧត្តម បានស្នើដល់ប្រតិបត្តិករ ជាផ្នែកផ្គត់ផ្គង់ ដែលរួមមានតួអង្គក្រសួង ស្ថាប័ន និងក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុងស្រុក អាជ្ញាធរមូលដ្ឋាន តាមរយៈ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពីការងារគណនេយ្យភាពសង្គម សូមឲ្យមានការពិគ្រោះយោបល់​ជាមួយអង្គការសង្គមស៊ីវិល ប្រជាពលរ​ដ្ឋ​​ និងអ្នក​ពាក់ព័ន្ធ​នានា ដែលជាផ្នែកតម្រូវការ ដើម្បីកំណត់​យុទ្ធសាស្រ្ត​ចាំបាច់ក្នុងការ​អនុវត្ត​សកម្មភាព​​ជាក់លាក់ និងតួនាទីភារកិច្ចរបស់ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែក​អនុវត្ត​ការងារគណនេយ្យភាពសង្គម ដំណាក់កាល​ទី២ (២០១៩-២០២២) ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ដើម្បីឲ្យការអនុវត្តដំណើរបានល្អ ឯកឧត្តម បានស្នើដល់ ​លោក លោកស្រី ជាប្រតិបត្តិករ ព្យាយាម​ទទួល​នូវចំណេះដឹងពាក់ព័ន្ធទៅនឹងការងារទាំងនេះបន្ថែមទៀត ពីមន្រ្តី​បច្ចេកទេសគាំទ្រ​គម្រោង​នៅ​ថ្នាក់​ជាតិ​ ជាពិសេសគឺលេខាធិការដ្ឋាន នៃគ.ជ.អ.ប និងដៃគូរសហការអនុវត្តគម្រោងជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាក្រុមការងារគណនេយ្យភាពសង្គមខេត្ត ក្រុង ស្រុក​និងឃុំ​សង្កា​ត់​​​  រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ ដែលមានការពាក់ព័ន្ធ ត្រូវសហការគ្នា អត់ធ្មត់ យោគយល់ អធ្យាស្រ័យ ដោយអនុវត្តបណ្តើរ រៀនបណ្តើរ និងកែលម្អរបណ្តើរ ព្រោះថា​នេះជា​ការងារ​ថ្មីទាំងអស់គ្នា ដែលត្រូវអនុវត្តរួមគ្នា មិនអាចខ្វះភាគីណាមួយបានឡើយ។

អត្ថបទទាក់ទង