រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន

++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ជូនដល់រដ្ឋបាលក្រុង -ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤២០នាក់ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ ចាប់តាំងពីឆ្នាំ២០០២ការងារអត្រានុកូលដ្ឋានត្រូវបានដាក់ឲ្យដំណើរការអនុវត្តតាមគំរូថ្មីទូទាំងប្រទេស ។

ពេលនេះខេត្តកណ្តាល ក៏ដូចជារាជធានី ខេត្តដទៃ ទៀតដែរក្រសួងមហាផ្ទៃ បានបណ្តុះបណ្តាលពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋានដល់មន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ដើម្បីឲ្យអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានបាន ត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ។ក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាដូច្នេះដើម្បីឲ្យមន្ត្រី អត្រានុកូលដ្ឋានអនុវត្ត បានត្រឹមត្រូវទៅតាមនីតិវិធី គណៈកម្មាធិការគាំទ្រឃុំ សង្កាត់ បានបណ្តុះ បណ្ដាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងក្រុមការងារចុះបញ្ជីអត្រានុកូលដ្ឋាន ចល័តក្នុងខេត្តកណ្ដាលផងដែរ។

ឯកឧត្តមបានបន្តទៀតថា៖ ដោយមានការវិវត្តថ្មីៗ នៃក្របខណ្ឌច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តពាក់ព័ន្ធនានា ជាពិសេស ក្រមរដ្ឋប្បវេណី នៅចុងឆ្នាំ២០១២ ក្រសួងមហាផ្ទៃ បានធ្វើការ បណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានដល់ខេត្តគោលដៅ ក្នុងនោះក៏មានខេត្តកណ្ដាលផងដែរ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រខេត្តត្រូវបានចាត់ទុកជាខេត្តគោលដៅ ដើម្បីជ្រើសរើស ក្នុងការដាក់ឲ្យអនុវត្តសៀវភៅ ស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និង មរណភាព របស់មេភូមិ ហើយមេភូមិ មេឃុំ ស្មៀន និងមន្ត្រីថ្នាក់ស្រុក សុទ្ធតែត្រូវបានបណ្តុះបណ្តាលពីរបៀបប្រើប្រាស់សៀវភៅនេះម្ដងរួចមកហើយ ប៉ុន្តែក៏មិនអាចបំពេញចន្លោះខ្វះខាតក្នុងកិច្ចការ អត្រានុកូលដ្ឋានបានដែរ ដោយសារមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មានការផ្លាស់ប្តូរទីកន្លែងបំពេញការងារ ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកដោយមើលឃើញពីការខ្វះខាតទាំងនេះ រដ្ឋបាលខេត្ត ដោយមានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានជាសេនាធិការ បានចុះទៅបណ្តុះបណ្តាលពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋានដល់ក្រុង-ស្រុក និងដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីការងារអត្រានុកូលដ្ឋានខេត្ត ស្រុកក្នុងខេត្ត និងបានចុះតាមដានត្រួតពិនិត្យការចុះបញ្ជីដល់ឃុំសង្កាត់ ដើម្បីពង្រឹងការអនុវត្តក វត្តការចុះបញ្ជីបាន ត្រឹមត្រូវតាមនីតិវិធី និងលិខិតបទដ្ឋានជាធរមាន។លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលផ្តល់នូវឯកសារគតិយុត្តជូនប្រជាពលរដ្ឋទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព ឯកសារគតិយុត្តនេះ គឺជាភស្តុតាងដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិលរបស់ប្រជាពលរដ្ឋម្នាកៗ ក្នុងសង្គម និងគ្រួសាររបស់ខ្លួន ឯកសារអត្រានុកូលដ្ឋាននេះគឺបានរួមចំណែកក្នុងការការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ដូចជាសំបុត្រកំណើត ជាឯកសារគតិយុត្តិគ្រឹះសម្រាប់ទារកម្នាក់ៗ ដែលកើតមកភ្លាម ទទួលបានឈ្មោះមួយ និងសញ្ជាតិមួយពីកំណើត ព្រមទាំងទទួលបាននូវសិទ្ធិ និងការគាំពារនានាពីសង្គម ចំណែកសំបុត្រអាពាហ៍ពិពាហ៍ ជាឯកសារដែលបញ្ជាក់ពីទំនាក់ទំនងរវាងប្ដី-ប្រពន្ធដែលច្បាប់បានទទួលស្គាល់ជាផ្លូវការ។

អត្ថបទទាក់ទង