រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដោយជោគជ័យដល់សិក្ខាកាមវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ២៨ ខែឆ្នូ ឆ្នាំ២០២៣ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដោយជោគជ័យដល់សិក្ខាកាមវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោក នី វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបានការចូលរួមពីអាជីវករចំនួន ១៥៨នាក់។ លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអោយដឹងថា៖ មន្ទីរបានសហការជាមួយ និងនាយកដ្ឋាននីតិកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាត និងសម្របសម្រួលពីគណៈអភិបាលខេត្តកណ្ដាល សម្រាប់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈនៅក្នុងឆ្នាំ២០២២ និង២០២៣នេះ មានចំនួន០៣ លើក ដែល០១លើក មានរយៈពេល០៥ថ្ងៃ សរុបសិក្ខាកាមទាំង០៣លើកមានចំនួន ៣២៦នាក់ ដោយមានការសំរបសំរួលពីរដ្ឋបាលខេត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម បង្កើត វគ្គនេះមានគោលបំណងដើម្បីឱ្យអាជីវករទទួលបាននូវសមត្ថភាពវិជ្ជាជីវៈ សម្រាប់ប្រកបអាជីវ កម្មថ្នាំកសិកម្ម និងជីកសិកម្ម ដែលជាបុរេលក្ខខណ្ឌក្នុងការផ្តល់នូវលិខិតអនុញ្ញាត ធ្វើអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្មស្របទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មរបស់ ព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះដែរ លោក នី វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងលើកកំពស់ការយល់ដឹងរបស់អាជីវករទាំងអស់ទាំងផ្នែកបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត និងឱ្យអាជីវករទាំងអស់គោរពឱ្យបាននូវច្បាប់ថ្នាំជីកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានចូលជាធរមាននៅឆ្នាំ ២០២០កន្លងមកនេះ។ លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះផ្អែកតាមសន្ទុះ នៃការអភិវឌ្ឍន៍វិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវតម្រូវការធាតុចូលកសិកម្មរួមមាន៖ ថ្នាំកសិកម្ម និងជីកសិកម្ម ក៏ដូចជាសម្ភារៈកសិកម្មផ្សេងៗទៀតកាន់តែកើនឡើងជាលំដាប់ចំពោះមុខពិតមែន តែការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មក៏ដូចជាសម្ភារៈកសិកម្មមួយចំនួនផ្សេងៗ ពុំត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ក៏ដោយ ប៉ុន្តែផលិតផលទាំងនេះ នៅតែជាតម្រូវការមិនអាចបញ្ឈប់បាន ហើយត្រូវបានប្រើប្រាស់ដោយកសិករ និងធ្វើចរាចរណ៍នៅលើទីផ្សារទូទាំងប្រទេសកាន់តែទូលំទូលាយ និងបានកើនឡើងជាលំដាប់ជាក់ស្ដែងបរិមាណថ្នាំកសិកម្មនិងជីកសិកម្ម ដែលត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យនាំចូលដើម្បីផ្គត់ផ្គង់ និងចែកចាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេដងទោះតម្លៃថ្នាំកសិកម្ម និងជីកសិកម្ម នាពេលបច្ចុប្បន្នមានការឡើងថ្លៃខ្លាំងក៏ដោយ។ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលកសិកម្មនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រងការធ្វើអាជីវកម្ម ការអនុវត្តបច្ចេកទេស ច្បាប់ លិខិតបទដ្ឋាន កិច្ចសហការ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការនាំចូលខុសច្បាប់ ការក្លែងបន្លំគុណភាព ស្លាកសញ្ញា សំបកវេចខ្ចប់ និងធនធានមនុស្សនៅមានកម្រិត ដែលបញ្ហាទាំងអស់នោះទាមទារឱ្យមន្រ្តីជំនាញ និងជាពិសេសអាជីវករ និងដៃគូពាក់ ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព ឯកឧត្ដមក៏បានជុំរុញឱ្យមន្ទីរកសិកម្ម ត្រូវខិតខំអនុវត្តច្បាប់ រៀបចំលិខិតបទដ្ឋានគតិយុត្ត ការគ្រប់គ្រង សេវាសាធារណៈ ចុះត្រួតពិនិត្យលើការផ្គត់ផ្គង់ ចែកចាយ លក់ដុំលក់រាយថ្នាំ និងជីកសិកម្មដោយបានចាត់វិធានការចំពោះបទល្មើស និងបានប្រមូលប្រាក់ពិន័យជូនរដ្ឋ ។

អត្ថបទទាក់ទង