++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ាអភិបាលរងខេត្តកណ្ដាល និងលោក គឺម មីរ៉ាតូរី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ីបានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តស្ដីអំពី "ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ" ។
លោក គឺម មីរ៉ាតូរី ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ីបានអោយដឹងថា៖ ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២០.២០២៥ គម្រោងនេះមានការគាំទ្រថវិកាពីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មប្រទេសណូវែលហ្សេឡង់ មានគោលបំណងលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកានៅថ្នាក់មូលដ្ឋានតាមរយៈការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំផែនការនិងថវិកានៅថ្នាក់ឃុំនិងស្រុកព្រមទាំងរួមចំណែកដល់ការស្រាវជ្រាវ និងការរៀនសូត្រអំពីការរៀបចំថវិកា និងផែនការថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅទាំងបួនរួមមាន៖ ខេត្តកណ្ដាល កំពង់ធំ កំពង់ឆ្នាំង និងត្បូងឃ្មុំ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសិលាប្រឹក្សាយោបល់ថ្នាក់ខេត្តនេះឡើង គឺផ្ដល់ឱកាសដល់ភាគី ជាពិសេសក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ មានឱកាសលើកឡើងពីបញ្ហា និងសំណូមពរ មកពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពាក់ព័ន្ធនឹងការកសាង នឹងប្រើប្រាស់ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តមបានបន្តទៀតថា៖ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(SNDD) ដំណាក់កាលទី២ក្នងរយៈពេល១០ ឆ្នាំខាងមុខ(២០២១-២០៣០) គឺចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេវាសាធារណៈ និងអត្ថប្រយោជន៍នានាពីការអភិវឌ្ឍន៍មូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយសមធម៌។
កម្មវិធីជាតិដំណាក់កាលទី២នេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការសម្រេចឲ្យបានន័យគោលដៅសេដ្ឋកិច្ចក្នុងការជំរុញប្រទេសកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា៖ ផែនការយុទ្ធសាស្ត្រថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានធ្វើការកែលម្អជាបណ្ដាបណ្ដើរ ដើម្បីឲ្យក្លាយជាផែនការយុទ្ធសាស្ត្ររួម តាមរយៈការធ្វើសមាហរណកម្មផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងការតម្រឹមជាមួយនឹងអាទិភាព តាមវិស័យនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងតាមគោលដៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំផែនការអន្តរាគមន៍របស់ខ្លួនដោយផ្ដោតជាសំខាន់ទៅលើវិស័យអាទិភាពនៅមូលដ្ឋាន ផែនការអភិវឌ្ឍន៍ ក្រុង ស្រុក និងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ ដែលជាតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរសិក្ខាសាលាធ្វើឡើងនៅសាលាខេត្តកណ្ដាល។