រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបុញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់និយោជក ម្ចាល់សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបុញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់និយោជក ម្ចាល់សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តកណ្តាលជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការផ្សព្វផ្សាយដល់មន្ទីរអង្គភាព ស្ថាប័ន និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាននាពេលនេះគឺដើម្បីជម្រុញពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅបង្កើនប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ យុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ធានារ៉ាប់រងសន្តិសុខសង្គមដែលមានសារសំខាន់ខ្លាំណាស់ក្នុងបរិបថដែលប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យដោយផ្តល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំណូមពរដល់ មន្ទីរពាក់ព័ន្ធ ស្ថាប័នឯកជន ត្រូវចូលរួមសហការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យទទួលបានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ក្នុងនោះដែរ ឯកឧត្តមបានក្រើនរំលឹកដល់គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រាងជាមួយ ប.ស.ស ត្រូវខិតខំជម្រុញពង្រឹងអនុវត្តតួនាទីរបស់ខ្លួនប្រកដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានជំរុញដល់ តំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រី នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននានាដែលបានចូលរួមទាំងអស់ ត្រូវព្យាយាមយកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញរបស់ក្រុមការងារបេឡាជាតិសន្តិសុខសង្គម ដើម្បីចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយបន្ត សំដៅលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ឱ្យសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន៖ (១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល (២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក (៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និងទី (៤) សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបចំនួន ១ ៩៤៥ ៧៩៥នាក់ (ស្រីចំនួន ១ ០៧៦ ៣៩៦នាក់) ដែលក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៤៩១ ៦១៣នាក់ (ស្រីចំនួន ៩២៤ ៥៧១នាក់), សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រីចំនួន ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)

អត្ថបទទាក់ទង