រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ 0១៤ សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការអនុវត្តច្បាប់ស្ដីពារហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានការចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១១ផងដែរ។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ សារាចរណ៍ណែនាំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ ដើម្បីផ្សារភ្ជាប់ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានជាសារវ័ន្ត នៅជំហានទី ០១គឺ ភាពទុកចិត្តបានន័យថវិកា ជំហានទី០២គឺគណនេយ្យភាពបរិញ្ញវត្ថុ និងជំហានទី ០៣គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយដែលទើបបានបញ្ចប់ក្នុងឆ្នាំ២០២២ កន្លងទៅប្រកបដោយវឌ្ឍនភាព ទោះបីស្ថិតក្នុងដំណាក់កាល ជំងឺឆ្លងដ៏កាច់សាហាវ (covid 19 ) ដែលជាវិញ្ញាសាថ្មីមួយដែលបានធ្វើតេស្តសាកល្បង ភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា៖ ការកែទម្រង់មជ្ឈការ និងវិសហមជ្ឈការ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ នៃក្របខ័ណ្ឌគោលនយោបាយដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការផ្ទេរសិទ្ធអំណាច មុខងារ និងធនធានមកថ្នាក់ក្រោមជាតិគ្រប់គ្រង និងចាត់ចែង ឆ្លើយតប និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋមូលដ្ឋាននីមួយៗ បានទាន់ពេលវេលា និងប្រកបដោយគុណភាពប្រសិទ្ធភាព និងគណនីយភាព។ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ សារាចរណ៍ណែនាំនេះជាឧបករណ៍ និងតម្រង់ទិសដៅការងារសម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅដើម្បីធានា ឲ្យការអនុវត្តថវិការដ្ឋបាលខ្លួន ស្របតាមនីតិវិធីច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវរៀបចំឲ្យមានយន្តការសម្របសម្រួលលើកិច្ចការផ្ទៃក្នុង អំពីតួនាទីរបស់ការិយាល័យជំនាញពាក់ព័ន្ធ ដែលបានធ្វើសមាហរណកម្ម ព្រមទាំងដាក់ចេញនៅគោលការណ៍ណែនាំផ្ទៃក្នុងដើម្បីដោះស្រាយ បញ្ហាប្រឈមដែលកើតឡើងក្នុងប្រតិបត្តិការចំណូល-ចំណាយថវិកា។រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវខិតខំលើកកម្ពស់ អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ក្រោមឱវាទ ដើម្បីត្រៀមទទួលធ្វើទំនើបកម្ម និងការពង្រឹងប្រព័ន្ធថវិកាដែលជាឧបករណ៍ដ៏មានសិទ្ធភាពពិតប្រាកដ សម្រាប់រួមចំណែកអនុវត្តគោលនយោបាយអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និងស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍បែបលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង