ខេត្តកណ្តាល៖ គម្រោងចាក់បំពេញខ្សាច់តំបន់អភិវឌ្ឍន៍លើដីដុះនៅតាមដងទន្លេមេគង្គ ជាគម្រោងមួយក្នុងចំណោមគម្រោងកំពុងអភិវឌ្ឍន៍ និងផែនការនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជម្រុញកំណើន សេដ្ឋកិច្ចជាតិ ដែលគម្រោងនេះបានសុំគោលការណ៍ជាមួយរាជរដ្ឋាភិបាលរួចរាល់លើការជួលដី តាម តំបន់ដីដុះទន្លេមេគង្គ ហើយម្ចាស់គម្រោងក៏បានដោះស្រាយបញ្ហាដីធ្លី ក៏ដូចជាផលប៉ះពាល់ជាមួយប្រជា ពលរដ្ឋផងដែរ ។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានថ្លែងបែបនេះក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងចាក់បំពេញខ្សាច់តាមតំបន់អភិវឌ្ឍន៍ លើដីដុះតាមដងទន្លេមេគង្គ ឃុំអរិយក្សត្រ និងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តកណ្តាល។ ក្នុងឱកាសនោះឯកឧត្តម នូវប៉េង ច័ន្ទតារា បានកោតសរសើរ និងគាំទ្រចំពោះមន្ទីរបរិស្ថានខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត បានខិតខំបំពេញការងារបានល្អប្រសើរ ជាពិសេសក្នុងកិច្ចជួយសម្របសម្រួល រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះឡើង ដើម្បីយកគោលគំនិតសំខាន់ៗ និងបទពិសោធ បញ្ហាប្រឈម កង្វល់ក៏ដូចជាសំណូមពរនានាពីបណ្តាមន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ ចាក់បំពេញខ្សាច់ តំបន់អភិវឌ្ឍន៍លើដីដុះតាមដងទន្លេមេគង្គ លើផ្ទៃដីសរុប ១៨១,៤៦០៨ ហិកតា របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ដែលមានទីតាំងស្ថិតតាមដងទន្លេមេគង្គ ឃុំអរិយក្សត្រ និងឃុំសារិកាកែវ ស្រុកល្វាឯម។ ឯកឧត្តម ក៏បានស្នើដល់បណ្តាមន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធផ្ទាល់ មេត្តាយកចិត្តទុកដាក់ខ្ពស់ សិក្សាឱ្យបានស៊ីជម្រៅ និងច្បាស់លាស់នូវផលប៉ះពាល់ដែលអាចកើតឡើងជាវិជ្ជមាន និងអវិជ្ជមានចំពោះគម្រោងខាងលើនេះ រួមទាំងមានជាមតិលើកឡើង ឱ្យបានច្រើនកុះករ ដើម្បីឱ្យកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈទទួលបានលទ្ធផលល្អ និងជោគជ័យ ដើម្បីដាក់បញ្ចូលនូវកង្វល់ និងសំណូមពរទាំងឡាយដែលបានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ មុននឹងដាក់ជូនក្រសួងបរិស្ថានពិនិត្យ និង អនុម័ត ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏សូមឱ្យក្រុមការងាររបស់ក្រុមហ៊ុន ធី ភី ម៉ូរ៉ាល់ គ្រុប ឯ.ក ធ្វើការសិក្សា បង្ហាញឱ្យបានស៊ីជម្រៅ និងមានភាពលម្អិតច្បាស់លាស់ ដោយគិតគូរផ្តោតសំខាន់លើកត្តាដូចជា៖ ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត ដែលក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចបានអនុញ្ញាត។ គិតគូរពីផែនការគ្រប់គ្រងបរិស្ថាន ចូលរួមអនុវត្តមូលនិធិបរិស្ថាន និងសង្គមឱ្យបានទៀងទាត់ និងគិតគូរពីធនធានបរិស្ថានរូបសាស្ត្រ និងជីវសាស្ត្រនៅតំបន់គម្រោង និងជាប់តំបន់គម្រោងត្រូវមានបច្ចេកទេសប្រើប្រាស់ឧបករណ៍ និងវិធានការការពារហានិភ័យនានាដូចជា ការបាក់ដី ការធ្លាក់ឧបករណ៍ ឬវត្ថុនានាពីផ្នែកខាងលើ លើបុគ្គលិក/កម្មករ និងបច្ចេកទេសលើកដាក់សម្ភារៈ សាងសង់ នៅទីខ្ពស់ ដោយប្រើម៉ាស៊ីនស្ទូច ការឆក់ខ្សែភ្លើង ការប្រើប្រាស់សម្ភារៈការពារខ្លួន ជាដើម ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/319102632_461430372831977_2959807294558242614_n-2-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318334809_462145806093767_8872231457063516609_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318730979_462144392760575_2867133593004208250_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318456863_462144619427219_8171229403416376057_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318326607_462144516093896_1480902317587903548_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/318080314_462144446093903_8086432824694501983_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317090573_462144246093923_903332682485352723_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/317080190_462144152760599_2937926410477244103_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316951954_462144319427249_1018121619765688849_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/12/316820045_462144069427274_5941246020865953021_n.jpg)