រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តកណ្ដាល

+++++++ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដែលត្រូវធ្វើបញ្ជី សារពើភណ្ឌ សរុបមានចំនួន ១៧០អង្គភាព និងមានដីសរុបចំនួន ១,៣៨៦ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន ៧៩០ ទីតាំង ស្មើនឹង ៥៧% និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិមានចំនួន ៥៩៦ ទីតាំង ស្មើនឹង ៤៣% ។ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជុំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល ក្រោមគណៈអធិបតី ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនទព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរឃុំ-សង្កាត់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នេត មុន្នី បានជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈ ការចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព។ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះឯកឧត្តម បានលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរដែលបានចូលរួមទាំងអស់ទាំងអស់ត្រូវយកចិត្តទុក ដាក់តាមដាន ក្រេបជញ្ជក់ចំណេះដឹងពីឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែនឹងធ្វើការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរឱ្យបានផុលផុស ដើម្បីពង្រឹងពុទ្ធិ ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តន៍តាមគោលការណ៍ណែនាំទាំងនេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។

នាឱកាសនោះដែរ ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាលមន្ទីរទាំងអស់ក្នុងខេត្តត្រូវ ទី១ ត្រូវកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ ទី២ ត្រូវកំណត់ប្រភេទដីដែលងាយស្រួល មិនងាយស្រួល និងពិបាកក្នុងការចុះបញ្ជី ទី៣ ត្រូវកំណត់ព្រំដីជាមួយ ដីជិតខាងឱ្យបានច្បាស់លាស់ដើម្បីសម្រួលដល់ ក្រុមការងារងាយស្រួលក្នុងការវាស់វែង ទី៤ ត្រូវបញ្ជាក់ពីប្រវត្តិដី និងទី៥ ត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រងសំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីរដ្ឋ។ឯកឧត្តមបានជំរុញ ដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ច ឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវខិតខំចុះបញ្ជីដីរដ្ឋ ឱ្យអស់ក្នុងខេត្តកណ្ដាល នៅឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទទាក់ទង