កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ ស្តីពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ++++++++++ខេត្តកណ្តាល៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ។ថ្លែងក្នុងពិធីនេះ លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសជូន លោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការ យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះដូចជា៖ ការផ្តល់ថវិកាជូនជនមានពិការភាព ក្រីក្រក្នុងសហគមន៍ ថវិកាជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ការផ្ដល់ថវិកាជូនគ្រួសារក្រីកនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ការផ្តល់ ថវិកាជូនគ្រួសារមានជីវភាពលំបាកគ្រួសារឆ្លងជំងឺកូវីដ-១៩ និងគ្រួសារមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩។លោកជំទាវបាន ជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកាក្នុងកិច្ចប្រជុំ សូមយកចិត្តទុកដាក់ ចូលរួម ពិនិត្យពិភាក្សា និងផ្ដល់ជាមតិយោបល់រកឱ្យឃើញនូវរាល់ចំណុចប្រឈម និងដំណោះស្រាយ ដើម្បីទទួលបានចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀត ដែលអាចជួយដល់លោក លោកស្រីដែលជាអ្នកអនុវត្តកម្មវិធីនៅ តាមឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាល មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការអនុវត្តនូវមុខងារ ភារកិច្ចរបស់ខ្លួន នាឆមាសបន្ទាប់ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។ លោកជំទាវបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាអគ្គមេបញ្ញាការ មគ្គុទេសន៍ឯក តែមួយគត់ក្នុងការបញ្ជ ដឹកនាំ គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈវិធានការ "៣ការពារ ៣កុំ" រួមនឹងការចាក់វ៉ាក់សាំងកាតព្វកិច្ចធ្វើឱ្យអត្រានៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា និងបិទបញ្ចប់ ព្រឹត្តការណ៍ ២០កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១ បានបើកដំណើរការសេដ្ឋកិច្ច សង្គម ឱ្យមានប្រក្រតីភាពតាមគន្លងថ្មីឡើងវិញ និងកម្មវិធីជាច្រើនទៀតត្រូវបានដាក់ចេញជាបន្តបន្ទាប់ដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្ររងគ្រោះ និងងាយរងគ្រោះ ក៏ត្រូវបានអនុវត្ត ដើម្បីជួយទប់លំនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងគ្រាដែលកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជំនួយសង្គម ជាសាច់ប្រាក់ ជូនដល់គ្រួសារមានការលំបាកផ្នែកជីវភាព ជំនួយសង្គមជាសាច់ប្រាក់ជូនដល់គ្រួសារឆ្លងជម្ងឺ កូវីដ-១៩ និងអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាជនមានជីវភាពធូរធារ រស់នៅសុខសាន្តក្រោមដំបូលនៃ សន្តិភាព។លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ក្នុងឆមាសទី១ គិតត្រឹមថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មន្ទីរបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយមានអ្នកទទួលផលចុះឈ្មោះចំនួន ១០៣០នាក់ ក្នុងនោះស្ត្រីចំនួន ៧៣៥នាក់ និងកុមារ ២៩៥នាក់ អ្នកទទួលផលទៅអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពចំនួន ៩០៣៣ ករណី ក្នុងនោះស្ត្រីចំនួន ១៦៣៣ ករណី កុមារចំនួន ៦៦៨៤ ករណី និងស្ត្រីសម្រាលកូនចំនួន ៧១៦ ករណី។ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ គឺមានគ្រួសារអនុវត្តបើកប្រាក់ប្រចាំខែចំនួន ៣៥៨៨៩គ្រួសារ។ ដោយឡែក សម្រាប់ការអនុវត្តគម្រោងគាំទ្រចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្មវិធីកំណត់អត្តសញ្ញាណពិការភាព បានផ្ទៀងផ្ទាត់ការចាក់វ៉ាក់សាំងពីឃុំសង្កាត់ ចំនួន ១២៦៣១នាក់ ស្មើ៩១.៦០% ប៉ុន្តែរហូតមកដល់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹងលេខ ១១២ ស ជ ព ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្តីពីការដាក់ ឱ្យប្រើប្រាស់មុខងារថ្មី ការតាមដានការចាក់វាក់សាំងកូវីដ១៩ ក្នុងកម្មវិធអែប(app)កំណត់អត្តសញ្ញាណពិការភាព ដើម្បីធ្វើ បច្ចុប្បន្នភាពការចាក់វ៉ាក់សាំង មកដល់ពេលនេះ ឃុំ/សង្កាត់ បានធ្វើការស្រង់ទិន្នន័យបញ្ចូលទៅក្នុងកម្មវិធីបានចំនួន ៣០៨៤នាក់ លើ ១៧៧៩០នាក់ ស្មើ២២.៣៦% ដែលជាទិន្នន័យនៅទាបនៅឡើយ។
- 145
- ដោយ អ៊ុន ស្រីកែវ