រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៃស្រុកកណ្ដាលស្ទឹង សាទរចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាឆ្នាំ២០២០ រួមមានការសាងសង់ផ្លូវបេតុង ការជួសជុលផ្លូវខ្សាច់ស ការដាក់លូរំដោះទឹក ការស្ដារប្រឡាយ ការតបណ្ដាញទឹកស្អាត បញ្ហាទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀតចំនួន៣០បញ្ហា។

ការសាទររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៃស្រុកកណ្ដាលស្ទឹងនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាខេត្តកណ្ដាល បានរាយការណ៍នូវរបាយការណ៍ឆ្លើយតបក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កាលពីឆ្នាំ២០២០ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ក្នុងវេទិកានេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានរាយការណ៍ ពីសមិទ្ធផលដែលរដ្ឋបាលខេត្តកណ្ដាលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង តុលា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ឯកឧត្តម អ៊ុង តុលា បានលើកឡើងនៅក្នុងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះដែរថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពីតួនាទីភារកិច្ច និង ទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាល កម្ពុជា។ ជាមួយគ្នានេះការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។

ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។ក្នុងវេទិការនេះ មានប្រជាពលរដ្ឋបានឡើងសំណូមពរ ផ្ទាល់មាត់ចំនួន ៥នាក់ មាន៧សំណូមពរ និងសរសេរជាក្រដាស់ចំនួន២១ មាន២២សំណូមពរ មានដូចជា៖ ស្នើសុំផ្លូវបេតុង សុំគ្រួសមិច សុំផ្លូវខ្សាច់ស ធ្វើលូរំដោះទឹក និងស្ដាប្រឡាយ សំណូមពរទាំងនេះមួយចំនួនត្រូវបានដោះស្រាយភ្លាមៗ និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅរដ្ឋបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងដោះស្រាយជូនឱ្យបានឆាប់បំផុត។

អត្ថបទទាក់ទង